ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីគ្រោងចំណាយប្រាក់​៧២ពាន់លានដុល្លារស្តារសេដ្ឋកិច្ច ក្រោយកូវីដ​១-៩

ចែករំលែក៖

រុស្សុី៖ នាយករដ្ឋមន្ត្រីរុស្ស៊ី​លោកMikhail Mishustin នៅថ្ងៃទី ២ខែមិថុនា បានប្រកាសថា ប្រធានាធិបតីពូទីនបានឡើងគម្រោង​ចំណាយប្រាក់ដល់ទៅ​៥០០០ពាន់លានរ៉ូប (ប្រមាណ​៧២ពាន់លានដុល្លារអាមេរិក)ជួយដល់សេដ្ឋកិច្ចប្រទេសនេះដំណើរការល្អឡើងវិញ។
អ្នកសារព័ត៌មានTTXVN​ ប្រចាំនៅទីក្រុងមូស្គូប្រទេសរុស្ស៊ីបានរាយការណ៍ថា គម្រោងខាងលើ​គឺដើម្បីបង្កើតសេដ្ឋកិច្ច និងជួយដល់ពលរដ្ឋ​ឲ្យមានការងារធ្វើ ឡើងវិញ​។ ទាំងនោះជាគម្រោងចំណាយ​ប្រាក់ ដ៏ច្រើនមិនធ្លាប់មាន ក្នុងពេលសេដ្ឋកិច្ចរងផលប៉ះពាល់ខ្លាំងដោយកូវីដ-​១៩។
ជាមួយគ្នានេះដែរ នៅសប្តាហ៍ក្រោយរុស្ស៊ីនឹងដាក់ឲ្យប្រើប្រាស់ថ្នាំប្រឆាំងកូវីដ-​១៩​ Avifavir ​សម្រាប់ព្យាបាលអ្នកជំងឺ។ ក្រសួងសុខាភិបាលនឹងចែកចាយថ្នាំនេះ​នៅថ្ងៃទី​១១ខែមិថុនា​ហើយថ្នាំផលិតបានគ្រប់គ្រាន់សម្រាប់ព្យាបាលដល់អ្នកជំងឺ​៦ម៉ឺននាក់ ក្នុងមួយខែៗ។
ថ្នាំព្យាបាលកូវីដ​-១៩​បានដាក់ឈ្មោះ​ក្នុងបញ្ជីពាណិជ្ជកម្មរុស្ស៊ី ថា ​​Avifavir ជាប្រភេទថ្នាំសម្រាប់ព្យាបាលកូវីដ​-១៩​ដែលទទួលបានលិខិតអនុញ្ញាតឲ្យប្រើប្រាស់​ក្រោយឆ្លងកាត់ការសាកល្បង​។ ថ្នាំនេះអាចព្យាបាលអ្នកជំងឺកូវីដ-១៩​ជាសះស្បើយក្នុងរយៈពេល​៤ថ្ងៃ។ ចំណែកអ្នកជំងឺធ្ងន់អាចព្យាបាលរយៈពេល​១០ថ្ងៃ។
មន្ត្រីសុខាភិបាលរុស្ស៊ី​បានលើកឡើងថា ថ្នាំព្យាបាលកូវីដ​១៩នេះ នឹងក្លាយជាថ្នាំដំបូងគេបង្អស់ ព្យាបាលវីរុសដ៏កាចសហាវ នេះនឹងជាក្តីសង្ឃឹមរបស់ពលរដ្ឋរុស្ស៊ី ក៏ដូចជា នៅជុំវិញពិភពលោក៕

ដោយ៖ធី រីណា


ចែករំលែក៖