ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពីបេីកឡំប្រឺតាចេញពីទិញម្ហូបនៅផ្សារប៉េសេ ស្រាប់តែជំងឺចាស់រេីឡេីងបណ្ដាលឲ្យធ្លាក់ពីលេីឡំប្រឺតា បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្បែរផ្សារប៉េសេ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ វែន សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ឡំប្រឺតា ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមសម្ដីបុរសម្នាក់ត្រូវជាបងប្អូនជីដូនមួយនិឹងជនរងគ្រោះបានប្រាប់ឲ្យដឹងថា សព្វថ្ងៃជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ ហេីយមុនពេលកេីតហេតុ ជនរងគ្រោះបានបេីកឡំប្រឺតាចេញពីផ្សារប៉េសេបន្ទាប់ពីទិញម្ហូបរួច ខណៈបេីកបានពាក់កណ្ដាលផ្លូវក៏ស្រាប់តែមានអាការមិនស្រួលខ្លួន ហេីយក៏ធ្លាក់ពីលេីឡំប្រឺតាតែម្ដង និងត្រូវបានបងប្អូនប្រជាពលរដ្ឋដែលស្គាល់ទាក់ទងមកសាច់ញាតិ និងទាក់ទងទៅរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យឯកជនសួគា៏ ដេីម្បីសង្គ្រោះបន្ទាន់ដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ ។
ក្រោយមក សពជនរងគ្រោះក៏ត្រូវបានសាច់ញាតិឲ្យគ្រូពេទ្យដឹកយកមកគេហដ្ឋានវិញ ដោយមិនបានប្ដឹងផ្ដល់ទៅសមត្ថកិច្ចពាក់ព័ន្ធនឹងការស្លាប់របស់ជនរងគ្រោះនោះទេ និងឲ្យសមត្ថកិច្ចធ្វេីកំណត់ហេតុរួចទេីបរៀបចំបូជាសពតាមប្រពៃណី ៕
ដោយ៖ ភារ៉ា ដង្កោ