ខេត្តត្បូងឃ្មុំ ៖ នគរបាលបានចាប់ខ្លួនយុវជនឈ្មោះ សេត វណ្ណា អាយុ២៨ឆ្នាំ ជាតិខ្មែរអ៊ិស្លាម រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តាមបញ្ជាលោកស្រី នូ ចន្ទ័សុគន្ធា ចៅក្រម ជំនុំជម្រះនៃសាលាដំបូងខេត្តត្បូងឃ្មុំ ដែលជននេះបានរត់គេចខ្លួន បន្ទាប់ពីប្រេីហិង្សា និងគំរាមសម្លាប់ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ នៅភូមិឃុំខាងលេី ដែលមានរយៈពេលយូរឆ្នាំហើយដែរ ។
ជននេះត្រូវចាប់ខ្លួនបានកាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ និង១០នាទីព្រឹក ដោយកម្លាំងជំនាញ នៃអធិការ ដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបិទ ។
ការចុះចាប់ខ្លួនជននេះ សមត្ថកិច្ចបញ្ជាក់ថា អនុវត្តតាមដីកាលេខ៤៩៥ ចុះថ្ងៃទី ៣១ ខែកក្ដដាឆ្នាំ២០១៧ ចេញដោយលោកស្រី នូ ចន្ទ័សុគន្ធា ចៅក្រម ជំនុំជម្រះ នៃសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឱ្យចាប់ឃុំខ្លួនជនជាប់ចោទ១នាក់ពីបទហិង្សាមានស្ថានទម្ងន់ទោស និងគំរាមកំហែងថានឹងសម្លាប់ ដែលបានប្រព្រឹត្តនៅចំណុចភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៥។
ជនជាប់ចោទឈ្មោះសេត វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរអ៊ិស្លាម រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
បច្ចុប្បន្ន ជនជាប់ចោទត្រូវបានឃាត់ និងនាំខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីបំពេញបែបបទបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕ ដោយ ៖ វណ្ណៈ