ព័ត៌មានទាន់ហេតុការណ៍៖

គិតគូរបើកប្រាក់មរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោកទេសរដ្ឋមន្រ្តី​ គន់​ គីម​ អនុប្រធាន​ និងជា​អគ្គលេខាធិការ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ក្នុងនាម​សម្តេចតេជោ ប្រធានសមាគម​  បានអញ្ជេីញជា​អធិបតី​ក្នងពិធីប្រកាស​ទទួល ស្គាល់​លោក ប្រាក់​ សុវណ្ណ ជាប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធជនខេត្ត​ព្រះវិហារ​  ចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ជូនបងប្អូនអតីត​យុទ្ធជន​ និងសួរសុខទុក្ខអតីត​យុទ្ធជន​ចំនួន១២០នាក់​ ។

ពិធីនេះបាន​ប្រារព្ធ​ធ្វេីឡេីង​នៅសាលាខេត្ត​ ព្រះវិហារ​ នាព្រឹកថ្ងៃ​សៅរ៍១រោច ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៦​ ខែ មិថុនា​ ឆ្នាំ​២០២០​ ។ 

លោកទេសរដ្ឋមន្រ្តី​ គន់​ គីម​ បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខពី​សម្តេចតេជោ​ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនដល់បងប្អូនយេីង​ ដែលជានិច្ចកាល​សម្តេច​ទាំងពីរ​ តែងតែគិតគូរដល់សុខទុក្ខបងប្អូនយេីង​នៅទូទាំងប្រទេស។ក្នុងនាមអគ្គលេខាធិការ​សមាគមដែលជាសេនាធិការឱ្យសម្តេចតេជោ​ បានចុះជួបនិងដោះស្រាយបញ្ហាជូនបងប្អូនយេីងជាបន្តបន្ទាប់នៅទូទាំងប្រទេស។  

នាយឧត្តមសេនីយ៍​ គន់ គីម បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ នៅក្នងខេត្តទាំងមូលធ្វើការងារសមាគមដំណេីរការទៅគួរឲ្យកត់សម្គាល់។​

តាមរបាយការណ៍​ ស​.អ​.ក​ ខេត្ត  ឱ្យដឹងថា  ក្នុងឆ្នាំកន្លងមក​ សមាគម​អតីត​យុទ្ធជន​​ខេត្តសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រេី​នដូចជា៖​ 

បើកប្រាក់មរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន៣៣​គ្រួសារ​ ក្នុងមួយគ្រួសារ៤លានរៀល សាងសង់ផ្ទះអំណោយសម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនគ្រួសារ​អតីត​យុទ្ធជន​មានជីវភាពលំបាក​បាន៦៤ខ្នង។  ចំពោះការងារត្រូវធ្វេីបន្តនាពេលខាងមុខ​ លោកបានណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ៖

១​-បន្តចុះសួរសុខទុក្ខអតីតយុទ្ធជនដើម្បី​ស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា  យកចិត្តទុកដាក់​អ្នកដែលរងការ​លំបាកពីជំងឺ​ Covid -19 ។

២​-ថ្នាក់ដឹកនាំ​សមាគម​គ្រប់ថ្នាក់​ ត្រូវរៀបចំកសាង​ទីស្នាក់ការ​អតីត​យុទ្ធជន​ នៅតាមបណ្តាថ្នាក់របស់ខ្លួន​  ដេីម្បីមានកន្លែងធ្វេីការ។ ដោយឡែក​មេប៉ុស្តិ៍រដ្ឋបាល​ ត្រូវយកចិត្តទុកដាក់ចំពោះសមាជិកអតីត​យុទ្ធជន​នៅក្នុងឃុំរបស់ខ្លួន។

៣​-ថ្នាក់ដឹកនាំ​ ស​ អ​ ក​ ខេត្ត​ត្រូវសហការជាមួយស្ថាប័នជំនាញ​ធ្វេីជាសេនាធិការឱ្យអភិបាលខេត្ត​រៀបចំលិខិ​តស្នេីសុំដីទៅក្រសួងពាក់ព័ន្ធ ស្នេីសុំសម្តេចតេជោ​ កសាងផ្ទះជូនបងប្អូនដែលអត់ដី អត់ផ្ទះ​ និងអ្នករស់នៅលេីដីសាធារណៈនៅសល់ចំនួន​១៦៦គ្រួសារ​ទៀត។ 

៣​-សូមឱ្យបងប្អូន​អតីត​យុទ្ធជន​ត្រូវរួមសាមគ្គី​ ឯកភាពគ្នាជឿជាក់ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ។ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយធ្វេីជាភ្នាក់ងាររាយការណ៍ឱ្យប៉ុស្តិ៍រដ្ឋបាលផ្តល់ព័ត៌មានពីភាពមិនប្រក្រតី និង បទល្មើសផ្សេង ៗនៅក្នុង​មូលដ្ឋានដើម្បីភូមិ ឃុំមានសន្តិសុខ សណ្តាប់ធ្នាប់។ 

ក្នុងនាមសម្តេចតេជោ​ លោកបានឧបត្ថម្ភ​ បងប្អូនអតីត​យុទ្ធជន​ ទាំង១២០នាក់​ ក្នុងម្នាក់ៗ​ ថវិកា​៣ម៉ឺន​រៀល​ និងអង្ករ​២៥គ.ក្រ​ផងដែរ៕ដោយ៖សុខដុម


ចែករំលែក៖