ខេត្តបាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តធុនធំក្រឡុកស៊ីម៉ងត៍ បុកម៉ូតូមួយគ្រឿង ពេលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ នាថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៧និង៤០នាទីយប់ នៅលើផ្លូវជាតិលេខ៥៧ ត្រង់ចំណុចក្រុមទី៨ ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុករតនមណ្ឌលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង រវាងរថយន្តធុនធំក្រទ្បុកស៊ីម៉ងត៍ និងម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1W 0032 ធ្វើដំណើរមានគ្នាពីរនាក់ ក្នុងគោលបំណងទៅផ្ទះ នៅស្រុកបាណន់។ អ្នកបើកបរម៉ូតូ ឈ្មោះ ហាប់ សិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិ ទួលធ្នង់ ឃុំកន្ទឺមួយ ស្រុកបាណន់ ខេត្តបាត់ដំបង(ស្លាប់) និងអ្នករួមដំណើរជាមួយឈ្មោះ នឿត ចិន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិ-ឃុំជាមួយគ្នា បានបើកមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តធុនធំក្រទ្បុកស៊ីម៉ងត៍ ពណ៌សម៉ាក CHENH LON ពាក់ស្លាកលេខ ភ្នំពេញ 3E 3910 ធ្វើដំណើរបញ្រ្ចាសទិសគ្នាទៅ បុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ ។
ចំណែកម្ចាស់រថយន្តបង្កបានបើករត់ចូលទៅផ្លូវរោងចក្រស៊ីម៉ងត៍ ឆ្ងាយពីកន្លែងកើតហេតុ ប្រហែល៣គីទ្បូម៉ែត្រ ទុករថយន្តចោល រត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ខេត្តបាត់ដំបង ចុះទៅពិនិត្យ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល រីឯជនរងរបួសបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។
រីឯសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕ដោយ៖ ប្រាថ្នា