ភ្នំពេញ៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា ដើម្បីពង្រឹងសុវត្ថិភាព និងពេលវេលាអ្នកដំណើរមកពីក្រៅប្រទេស ត្រលប់មកកម្ពុជា នៅយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរៀបចំទីតាំងយកសំណាក ចំនួន១០កន្លែង ដើម្បីធ្វើតេស្ដរកកូវីដ-១៩ផ្ទាល់ នៅព្រលានយន្ដហោះ។
លោកស្រី រដ្ឋលេខាធិការ បន្ដថា «ដោយសារតែអ្នកដំណើរត្រលប់មកកម្ពុជាកាន់ច្រើន ដូច្នេះយើងបានសម្របសម្រួលកុំឱ្យមានការលំបាកដល់អ្នកដំណើរ ពេលដែលអ្នកដំណើរចុះមកភ្លាម ឆ្លងកាត់កន្លែងចត្ដាឡីស័ក ពិនិត្យមើលឯកសារហើយបន្ដទៅកន្លែងអន្ដោប្រវេសន៍ រួចបន្ដទៅទីតាំងយកសំណាក ដើម្បីធ្វើតេស្ដរកមេរោគកូវីដ-១៩តែម្ដងក្នុងបរិវេនព្រលានយន្ដហោះ ដែលមានចំនួន១០ទីតាំង ហើយបន្ទាប់មកដឹកអ្នកដំណើរទៅកាន់កន្លែងរង់ចាំលទ្ធផល។ កាលធ្វើដូច្នេះ អាចជួយសន្សំពេលវេលា និងធ្វើតេស្ដបានកាន់តែលឿនផងដែរ»។
លោកស្រី យក់ សម្បត្ដិ បានបញ្ជាក់ទៀតថា ល្ងាចមិញនេះ គណៈកម្មការអន្ដរក្រសួង រួមមាន សាលារាជធានីភ្នំពេញ, អន្ដោប្រវេសន៍, គយ, អាកាសចរស៊ីវីល និងក្រុមការងារនៅអាកាសយានដ្ឋានភ្នំពេញអន្ដរជាតិ បានរួមគ្នាប្រជុំពិភាក្សា ដើម្បីសម្រួលនីតិវិធីកាន់តែមានភាពងាយស្រួលដល់អ្នកដំណើរ ។ហើយការងារនេះ នឹងអនុវត្ដសាកល្បងនៅយប់នេះតែម្ដង ជាមួយជើងហោះហើរកូរ៉េ។
ដោយឡែកសម្រាប់អ្នកដំណើរមកពីក្រៅប្រទេសត្រឡប់ចូលមកកម្ពុជា មានចំនួន៥ជើងហោះហើរ ពីកូរ៉េចំនួន២ជើងហោះហើរ និងចិនចំនួន៣ជើងហោះហើរ តាមអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញនេះ។
លោកស្រី យក់ សម្បត្ដិ បានបញ្ជាក់ថា បើគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលក្រសួងបានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យភ្ញៀវបរទេស មកពីប្រទេសចំនួន៦ រួមមាន អ៉ីរ៉ង់ អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក អាចចូលមកប្រទេសកម្ពុជាឡើងវិញ មកគិតត្រឹមដើមខែមិថុនានេះ អ្នកដំណើរពីក្រៅប្រទេស ត្រលប់ចូលមកកម្ពុជា ប្រមាណជិត ៣,០០០នាក់ហើយ៕ដោយ៖ស តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច