ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់បុរសម្នាក់បន្ទាប់ពីផឹកទឹកប្ដូរនិស្ស័យហើយបំផ្លាញសម្ភារក្នុងផ្ទះនិងដេញកាប់ប្រពន្ធ

ចែករំលែក៖

    ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវកម្លាំងនគរបាលស្រុកភ្នំស្រុក ចាប់ខ្លួនបន្ទាប់ពីស្ត្រីជាប្រពន្ធបានប្តឹងទៅសមត្ថកិច្ចពីបទប្រើអំពើហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងយកកាំបិតដេញកាប់ប្រពន្ធនៅវេលាម៉ោង៨ ព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០ នៅក្នុងភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ។ 

 លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ជនបង្ករឿងជាប្តី ឈ្មោះព្រឿង ថុល  អាយុ៣៣ឆ្នាំ នៅភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក  ចំណែកប្រពន្ធឈ្មោះ កៅ ថោង អាយុ៣២ឆ្នាំបានប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីរសៀល ឈ្មោះព្រឿង ថុល ជាប្តីបានផឹកស្រាស្រវឹងហើយវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះព្រមទាំងយកកាំបិតដេញកាប់គាត់ផង។  

លោកបញ្ជាក់ថា យោងតាមពាក្យបណ្ដឹងរបស់ស្ត្រីជាប្រពន្ធគឺកាលពីវេលាម៉ោង១៥និង៣០នាទិថ្ងៃទី០៥.០៦.២០២០ មានអំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ បានកើតឡើងនៅចំណុចផ្ទះជនរងគ្រោះខាងលើ ដោយប្ដី មកពីផឹកស្រាស្រវឹងបង្ករករឿងវាយឆ្នាំងបាយ វាយធុងជ័រ វាយពាងទឹកបែកអស់មួយ និងប្រើហិង្សាមកលើប្រពន្ធដោយទាត់ចំក្បាលមួយជើង និងយកកាំបិតដេញកាប់ដល់លើផ្ទះ កាប់ទ្វារស័ង្កសី រហែកមួយសន្លឹក និងកាប់ខ្លួនគាត់១កាំបិតតែគេចផុត ត្រូវចំចុងច្រមុះបន្តិច ពេលនោះនាងបានស្រែកខ្លាំងប្តីក៏ចុះមកក្រោមផ្ទះវិញ។ភ្លាមនោះគាត់បានលួចរត់ទៅប្ដឹងលោកមេភូមិ តែត្រូវប្តីនាងដេញកាប់ពីក្រោយទៀត ហើយបានគប់កាំបិតទៅលើនាងតែមិនត្រូវ។ បន្ទាប់មកប្តីរួបនោះត្រឡប់មកផ្ទះវិញអង្គុយផឹកស្រា មានកាំបិត ចម្ពាមកៅស៊ូ ដំបងឈើ ទុកដាក់ក្បែរខ្លួន ចាំបាញ់ និងដេញកាប់  មិនឱ្យចូលផ្ទះ ។ 

 លោកអធិការបានបញ្ជាក់ថា ក្រោយពីចាប់ឃាត់ខ្លួននិងសាកសួរចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សានេះប្រាកដមែន ។

 ដោយផ្អែកទៅលើស្តី្រជាប្រពន្ធ សំណូមពរដល់សមត្ថកិច្ចឱ្យចាត់ការតាមនិីតិវិច្បាប់លើប្តីកំណាចនេះ បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ៖វណ្ណា


ចែករំលែក៖