ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យលេបត្របាក់ផ្ទះ​ប្រជាពលរដ្ឋអស់ចំនួន២ខ្នងនៅស្រុកស្រីសន្ធរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ផ្ទះ​ចំនួន​២ខ្នង​ ទំហំ៨ ម៉ែត្រគុណ៩ម៉ែត្រ និងមួយខ្នងទៀត​ទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ​ ខាងលើធ្វេីអំពីឈេី​ និងខាងក្រោមធ្វើពីបេតុងបានបានរងការខូចខាតរួមទាំងទ្រព្យ​សម្បត្តិ​អស់​មួយ​ចំនួន​ធំ​ផងដែរដែល​បំផ្លាញដោយសារតែទុស្សេខ្សែភ្លើង​ ។ 

តាម​កំណត់​ហេតុ​របស់សមត្ថកិច្ច​បានឱ្យដឹងថា​ ករណីទី១​-ម្ចាស់​ផ្ទះ​ឈ្មោះ​ ឯម នឿន ភេទស្រី អាយុ៥៧ឆ្នាំ ផ្ទះមានទំហំ៨ម៉ែត្រគុណ៩ម៉ែត្រ ដំបូល​ប្រក់ក្បឿង ជញ្ជាំងក្តារ រនាបឫស្សី​ បេតុងក្រោម បានឆេះអស់ទាំងស្រុង​រួមជាមួយសម្ភារនៅលើផ្ទះដូចជា​ ម៉ាសុីនដេ​រ ៥គ្រឿង, ម៉ូទ័រ​១គ្រឿង, ក្បាលខ្យល់​ ១គ្រឿង, ម៉ាសុីនបូមទឹក​១គ្រឿង, ខ្សែ​កមាស​១០ជី, លុយ​១.២០០ដុល្លារ, ទូដាក់ខោអាវ​៣, ម៉ូតូគុបជ្រុង់១គ្រឿង, ខោអាវមួយចំនួន,ស្រូវប្រាំង១,៥០០គីឡូក្រាម,ចាន ឆ្នាំង កន្ទេល ខ្នើយ មុង ភួយ ។

ករណី​ទី២​-ម្ចាស់ឈ្មោះ ជា ចាន់ណា ភេទស្រី អាយុ៣៧ឆ្នាំ ឆេះផ្ទះអស់១ខ្នង​ មានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជញ្ជាំងក្តារ រនាបក្តារ បេតុងក្រោម ផ្ទះនេះឆេះអស់៧០ភាគរយ រួមនឹងសម្ភារមួយចំនួនដូចជា ទូធំ​១, គ្រែប្រអប់​១,

សុីទែនទឹក​១ និងចានឆ្នាំង ភួយមុងកន្ទេល។

ក្រោយពីទទួលបានព័ត៌មានថាមាន​ករណីអគ្គិភ័យ​នៅវេលាម៉ោង១៣​ និង​២៨នាទី​ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ភ្លាម​ៗនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យលោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ដឹកនាំកម្លាំងជំនាញ​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាំយ៉ាម​ ចុះទៅធ្វើអន្តរាគមន៍​ ដោយចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រេីប្រាស់​អស់ទឹក៤ឡាន។ 

ចំពោះ​ករណី​ឆេះផ្ទះ​ទាំង២ខ្នងខាងលេី​នេះ​ តាមការពិនិត្យនិងស្រាវជ្រាវរកមូល​ ហេតុ​គឺបណ្ដាមកពីទុស្សេខ្សែភ្លើង​ ៕​

ដោយ៖​  វណ្ណៈ


ចែករំលែក៖