អន្តរជាតិ៖ កាលពីពេលកន្លងទៅ អង្គការ WHO បានណែនាំថា អ្នកជំងឺ គួរតែពាក់ម៉ាស់នៅទីសាធារណៈ ចំណែកមនុស្សធម្មតា មិនចាំបាច់ពាក់ឡើយ។ ប៉ុន្តែថ្មីៗនេះ អង្គការអន្តរជាតិមួយនេះ បានចេញសេចក្តីថ្លែងការណ៍ណែនាំថ្មីមួយ ដោយអំពាវនាវឲ្យប្រជាជនទាំងអស់ ពាក់ម៉ាស់នៅទីសាធារណៈ ដើម្បីទប់ស្កាត់ការរាតត្បាតនៃ COVID-19។
តាមរយៈសេចក្តីណែនាំថ្មីនេះ អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានផ្លាស់ប្តូរគោលការណ៍ណែនាំការពាក់ម៉ាស់ជាថ្មី។ ដោយស្នើឲ្យប្រជាជនទាំងអស់ ពាក់ម៉ាស់នៅទីសាធារណៈ ទើបអាចកាត់បន្ថយករណីឆ្លង ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) បាន។
គោលការណ៍ណែនាំថ្មីនេះ ធ្វើឡើងបន្ទាប់ពីអង្គការរកឃើញភស្តុតាងវិវត្តន៍ថ្មី។ បើតាមការបញ្ជាក់របស់នាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានបញ្ជាក់យ៉ាងដូច្នេះថា នៅក្នុងការរកឃើញភស្តុតាងវិវត្តន៍ថ្មី អង្គការ WHO ផ្តល់យោបល់ឲ្យរដ្ឋាភិបាលប្រទេសមួយចំនួន គួរតែលើកទឹកចិត្តឲ្យប្រជាជនរបស់ខ្លួនពាក់ម៉ាស់នៅទីសាធារណៈ ដែលមានការរាតត្បាតនៃCOVID-19 ខ្លាំង និងនៅទីកន្លែងដែលពិបាកក្នុងការរក្សាគម្លាតសុវត្ថិភាព។ ក្នុងលក្ខខណ្ឌដែលមិនអាចរក្សាគម្លាតបាននេះ ចាស់ៗវ័យ ៦០ ឬលើសពីនេះ ក៏គួរតែពាក់ម៉ាស់ដែរ។
មិនតែប៉ុណ្ណោះស្ថាប័នសុខភាពមួយនេះ បានអំពាវនាវឲ្យប្រជាជនពាក់ម៉ាស់ការពារ ដែលមានបីស្រទាប់ ទើបវាមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងកាត់បន្ថយករណីឆ្លងកូរ៉ូណាវីរុសបាន។
សូមជ្រាបថា គោលការណ៍ណែនាំចាស់មួយចំនួន ត្រូវបានអង្គការអន្តរជាតិមួយនេះ រក្សាទុកនៅដដែលដូចជា៖ បុគ្គលដែលមានចេញរោគសញ្ញា COVID-19 គួរតែស្នាក់នៅផ្ទះ ការរក្សាអនាម័យ និងបុគ្គលិកសុខាភិបាលត្រូវតែពាក់ម៉ាស់ជាដើម។
បើគិតមកត្រឹមល្ងាចថ្ងៃទី៦ ខែមិថុនាម្សិលមិញនេះ ករណីឆ្លងCOVID-19 នៅលើពិភពលោកមានចំនួនសរុប ៦,៨លានករណី នឹងអ្នកស្លាប់ចំនួនជិត ៤០ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួនជាង ៣,៣លាននាក់៕ដោយ៖ស តារា