ខេត្តកំពង់ចាម ៖ សង្វៀនបញ្ជល់មាន់មួយកន្លែងស្ថិតនៅក្នុងភូមិគៀនកេស ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបេីកដំណេីរការលេងភ្នាល់ ដាក់លុយ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន១៣នាក់ ដកហូតបានម៉ូតូចំនួន១០គ្រឿង និងវត្ថុតាងមួយចំនួនទៀត កាលពីវេលាម៉ោង២និង៤០នាទី រសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ។
សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្រ្កាបករណីបេីកលេងល្បែងស៊ីសងដោយខុសច្បាប់នេះ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
ក្នុងការចុះបង្ក្រាបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង១៣នាក់ ព្រមទាំងដកហូតបានម៉ូតូ ចំនួន១០គ្រឿង ទូរស័ព្ទ១១គ្រឿង ប្រាក់រៀលចំនួន៣,២៦២,០០០រៀល (បីលានពីរសែនប្រាំមួយម៉ឺនពីរពាន់រៀល) ប្រាក់ដុល្លារ ចំនួន១៥៥០ដុល្លារ(មួយពាន់ប្រាំរយហាសិបដុល្លារអាមេរិក) កន្ត្រកចំនួន០២ និងស្កុតរុំជើងមាន់ ចំនួន០៥ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ ដោយ ៖ វណ្ណៈ