ព័ត៌មានទាន់ហេតុការណ៍៖

ប្រសើរណាស់! ឥណ្ឌានិងចិនបានព្រមព្រៀងគ្នាដោះស្រាយវិវាទដោយសន្តិភាព

ចែករំលែក៖

សារព័ត៌មាន​​CNN នៅថ្ងៃទី​៧ ខែមិថុនា បានផ្សាយថា រដ្ឋាភិបាលឥណ្ឌា និងចិនបានព្រមព្រៀងគ្នា ដោះស្រាយវិវាទដោយសន្តិភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ។ កន្លងមកឥណ្ឌាបានបដិសេធសំណើពីអាមេរិកដែលចង់ចូលរួមដោះស្រាយវិវាទព្រំដែនឥណ្ឌា-ចិន ដែលកំពុងតែតានតឹងដាក់គ្នា​។
ប្រទេសទាំងពីរបានប្រឈមមុខតានតឹងដាក់គ្នាជាថ្មីតាមបណ្តោយព្រំដែន(LAC) ​តាមជ្រលងភ្នំ​ហិមពាន្ត(Himalaya) ដោយភាគីឥណ្ឌាចោទប្រកាន់ទាហានចិនថាបានដើរល្បាតចូលព្រំដែនឥណ្ឌា​។
ព្រំដែន​(LAC) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយប្រទេសទាំងពីរបានខិតខំដោះស្រាយវិវាទ ទើបបង្កើតបានជាព្រំដែនបញ្ចប់ជម្លោះ​។ ប៉ុន្តែបន្ទាត់ព្រំដែនទាំងនោះ នៅមានបញ្ហាជាច្រើនពាក់ព័ន្ធការបោះបង្គោលព្រំដែន​។
កាលពីខែឧសភា កន្លងមក កម្លាំងទាហានការពារព្រំដែនប្រទេសទាំងពីរបានប៉ះទង្គិចគ្នានៅតាមបណ្តោយព្រំដែន​(LAC) បង្កក្តីបារម្ភយ៉ាងខ្លាំង​ ។ ប៉ុន្តែការប៉ះទង្គិចគ្នានោះមិនបណ្តាលឲ្យមានអ្នកសា្លប់នោះឡើយ។
ការប្រឈមមុខតានតឹងដាក់គ្នានាពេលនេះ ប្រទេសទាំងពីរបានបញ្ជូនកម្លាំងទាហាន និងអាវុធទំនើបៗជាច្រើន​ទៅកាន់ព្រំដែន គំរាមកំហែងគ្នាទៅវិញទៅមក​។​ប៉ុន្តែក្រោយមកប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាដោះស្រាយដោយសន្តិភាព។ ប្រទេសទាំងពីរ គឺជាមហាអំណាចបរមាណូ​ក្នុងតំបន់ ប្រសិនបើផ្ទុះសង្គ្រាមនោះ នឹងខាតបង់ទាំងសងខាងជាមិនខាន៕ដោយ៖ធី រីណា

 


ចែករំលែក៖