សត្វក្រៀលជាសត្វស្លាបមួយប្រភេទ សម្បុរប្រផេះចំពុះវែង, កវែង, ក្បាលត្រងោលជើងវែង, ខ្ពស់ជង្រ្គោងៗ និងមានសម្រែកឮខ្លាំង ។ ក្រៀល មានទំហំខ្លួនចាប់ពី ១៥២ ទៅ ១៥៦ ស.ម ចូលចិត្តរស់នៅតំបន់ទំនាបលិចទឹក វាលស្រែ តាមតំបន់វាលស្មៅក្នុងព្រៃរបោះដែលមានសំណើម។ នៅរដូវប្រាំងវារកស៊ីជាហ្វូងឯ រដូវវស្សាវាបន្តពូជតែឯកឯង។
នៅប្រទេសកម្ពុជាយើងក្រៀលមានវត្តមាននៅភាគខាងជើងបឹងទន្លេសាប ជាពិសេសខេត្តបន្ទាយមានជ័យ និងតាកែវ ហើយរដូវវស្សាវាបន្តពូជចាប់ពីខេត្តបាត់ដំបង ព្រះវិហារ ដល់ខេត្តមណ្ឌលគិរី
ដែលរដូវបន្តពូជនេះចាប់ផ្តើមពីខែមីនា ដល់ខែតុលា ហើយមានពងចំនួនពី១ ទៅ៣គ្រាប់ក្នុងក្រៀលញីមួយក្បាល។
កាលពី៣ឆ្នាំមុននៅតំបន់ការពារសត្វក្រៀលអន្លង់ព្រីងជាប់ព្រំដែនប្រទេសវៀតណាម ស្ថិតនៅក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តកំពត ដោយសារអាកាសធាតុក្តៅខ្លាំងធ្វើឱ្យដើមផ្លុង និងមើមផ្លុងដែលដុះនៅកន្លែងសត្វក្រៀលចុះមករកចំណីស៊ីត្រូវបានងាប់ ហើយមានក្លិនស្អុយធ្វើឲ្យសត្វក្រៀល និងសត្វស្លាបមួយចំនួនបានបាត់បង់ លែងចុះមករកស៊ីចំណីនៅតំបន់មួយនេះរួមជាមួុយអ្នកប្រមាញ់ផងធ្វើឲ្យសត្វកម្រមួយនេះចង់ផុតពូជ។
ពេលជួបគ្នាម្តងៗហ្វូងសត្វក្រៀលតែងចឹកប្រឡែងគ្នាលេងដោយបញ្ចេញសំឡេងស្រែកឮខ្លាំងៗហាក់ដូចជាមានការឈឺចាប់នឹងរឿងអ្វីមូយ។
យ៉ាងណាពេលនេះគម្រោងUsaidព្រៃឡង់កំពុងរួមគ្នាការពារសត្វក្រៀលដែលកំពុងរងដោយជិតផុតពូជនៅព្រៃឡង់នោះហើយ។
ដោយសារសត្វក្រៀលស្រែកឮខ្លាំងនេះហើយទើបកវីនិពន្ធក្នុងទសវត្សឆ្នាំ៦០-៧០បានតាក់តែងបទចម្រៀងមួុយបទ យកសត្វក្រៀលមកប្រដូចនិងជីវិតស្នេហាយ៉ាងពីរោះលន្លង់លន្លោច គឺបទ សម្រែកសត្វក្រៀល…ដែលបកស្រាយដោយអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ល្បីមកដល់សព្វថ្ងៃនេះ។ អត្ថន័យនៃបទនេះគឺចង់បង្ហាញពីចិត្តកាកីរបស់ស្រ្តីម្នាក់ដែលប្រែចិត្តសាវាក្បត់ចិត្តសង្សារទៅមានគូថ្មី។អ្នកកវីនិពន្ធបានប្រដូចសម្រែកសត្វក្រៀលក្នុងបទនេះថា សម្រែកសត្វក្រៀល វាដៀលជេរស្តី មនុស្សដូចកាកី ស្រីចិត្តសាវា… ៕