ភ្នំពេញ៖ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋក្នុងការធ្វើដំណេីរ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងសង្កាត់ចុះសហការជាមួយគ្រឿងចក្រវាយកម្ទេចរបងផ្ទះ ដែលសង់រំលោភផ្លូវ ដើម្បីពង្រីកផ្លូវ ចាក់ជាបេតុង ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ក្នុងការបញ្ជៀសការកកស្ទះចរាចរណ៍និងស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ខែមិថុនា ឆ្នាំ២០២០នេះថា ដោយមានកិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ទើបផ្លូវបេតុងកើតមានជាបន្តបន្ទាប់ ដើម្បីប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ជាងនេះទៅទៀត កាត់បន្ថយការកកស្ទះលើដងផ្លូវ ហើយផ្លូវត្រូវស្ថាបនាពេលនេះមានប្រវែង២៤០០ម៉ែត្រ ទំហំ៨ម៉ែត្រ មានដាក់ប្រព័ន្ធលូ ។
អាជ្ញាធរបន្តទៀតថា ទាំងនេះក្រោមកិច្ចអភិវឌ្ឍន៍ របស់សាលារាជធានីភ្នំពេញ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរកាត់បន្ថយការកកស្ទះចរាចរណ៍ ចំណុចសំណង់ស្ពានអាកាសចោមចៅ ផ្លូវជាតិលេខ៤ ,ផ្លូវសហព័ន្ធរុស្សី ហើយមានដាក់ប្រព័ន្ធលូថ្មី ដើម្បីបញ្ជៀសនូវការជន់លិចទឹកភ្លៀង ក្នុងមូលដ្ឋានផងដែរ ។
ជាចុងក្រោយ លោកចៅសង្កាត់ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាជួយថែរក្សាទាំងអស់គ្នា ដេីម្បីឱ្យផ្លូវទាំងនេះបានគង់វង្សយូរអង្វែង៕ដោយ៖ សុខាសែនជ័យ