ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរ ប្រឈមនឹងការប្រេះឆាជាថ្មី

ចែករំលែក៖

កូរ៉េទាំងពីរ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា ភាគីកូរ៉េខាងជើង មិនបានឆ្លើយតបការហៅទូរស័ព្ទ ពីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី៩ខែមិថុនា តាមប្រព័ន្ធទូរស័ព្ទបន្ទាន់ដែលជាបណ្តាញទំនាក់ទំនងសំខាន់របស់ប្រទេសទាំងពីរនៅព្រំដែន។
សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ៖ កូរ៉េខាងជើង មិនបានឆ្លើយតបការហៅទូរស័ព្ទនោះឡើយនៅព្រឹកថ្ងៃទី៩ខែមិថុនា។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលទីក្រុងព្យុងយ៉ាងបានប្រកាស ផ្តាច់បណ្តាញទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ក្រោយពេលទីក្រុងព្យុងយ៉ាងចាត់ទុកថាកូរ៉េខាងត្បូង មានសកម្មភាព«ចងគំនុំ បច្ចាមិត្ត»
កូរ៉េខាងជើងបានបញ្ជាក់ថា៖ ខ្លួនចាប់ផ្តើមបិទការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ក្នុងនោះរួមបញ្ចូលទាំងបណ្តាញទំនាក់ទំនង រវាងមេដឹកនាំ នៃប្រទេសទាំង២ផងដែរ។ កូរ៉េខាងជើងអះអាងថា នេះជាសកម្មភាពដំបូង ហើយហៅកូរ៉េខាងត្បូង ជាបច្ចាមិត្ត ។
តាមការផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី៩ ខែមិថុនា ការហៅទូរស័ព្ទជាប្រចាំថ្ងៃដែលបានធ្វើឡើង តាមរយៈការិយាល័យទំនាក់ទំនង ស្ថិតនៅព្រំដែនកូរ៉េខាងជើង ទីក្រុង Kaesong នោះ នឹងត្រូវបញ្ឈប់ ចាប់ពីថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២០) នេះតទៅ ។ ប្រទេសទាំងពីរបានបង្កើតការិយាល័យទំនាក់ទំនងគ្នា ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង បន្ទាប់ពីកិច្ចចរចា កាលពីឆ្នាំ២០១៨ ។

បណ្តាញផ្សព្វផ្សាយព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា « កូរ៉េខាងជើង នឹងកាត់ផ្តាច់ ព្រមទាំងបិទទាំងស្រុងការិយាល័យទំនាក់ទំនង រវាងអាជ្ញាធរកូរ៉េខាងជើង និងខាងត្បូង ដែលបានធ្វើឡើង តាមរយៈការិយាល័យទំនាក់ទំនងរួម កូរ៉េខាងជើង-កូរ៉េខាងត្បូង…ចាប់ពីម៉ោង១២ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០»។
គួររំឭកថា កាលពីសប្តាហ៍មុន លោកស្រី Kim Yo-jong ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងបានគំរាមបិទការិយាល័យទំនាក់ទំនងនេះជាមួយកូរ៉េខាងត្បូង បើសិនពួកអ្នករត់ចោលជួរកូរ៉េខាងត្បូង មិនព្រមបញ្ឈប់ការបាចសាចខិត្តប័ណ្ណប្រឆាំងចូលក្នុងកូរ៉េខាងជើងទេនោះ។

លោកស្រី បានចាត់ទុកថា យុទ្ធនាការបាចសាចខិត្តប័ណ្ណនេះ គឺជាអំពើអរិភាពដែលរំលោភលើកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងឆ្នាំ២០១៨ នៅឯកិច្ចប្រជុំកំពូល Panmunjom រវាងមេដឹកនាំ Moon Jae-in និងមេដឹកនាំKim Jong-un ៕ធី រីណា


ចែករំលែក៖