បាតុកម្មប្រឆាំងនឹងប៉ូលិសប្រើអំពើហិង្សាហួសហេតុទៅលើពលរដ្ឋមិនមែនទើបតែកើតឡើងនោះឡើយនៅសហរដ្ឋអាមេរិក ។ ដោយក្នុង១ឆ្នាំៗមានពលរដ្ឋយ៉ាងតិច១ពាន់នាក់ស្លាប់ដោយសារការបាញ់ប្រហារពីប៉ូលិសចាប់តាំងពីឆ្នាំ ២០១៥ មកទល់ពេលនេះ ។
សារព័ត៌មាន Washington Post នៅថ្ងៃទី៩ ខែមិថុនា បានផ្សាយថា ស្ថាប័នព័ត៌មាននេះបានចាប់ផ្តើមតាមដានពីសកម្មភាពប៉ូលិសប្រើអំពើហិង្សាតាំងពីឆ្នាំ២០១៥ បន្ទាប់ពីប៉ូលិសអាមេរិក បាញ់សម្លាប់យុវជនអាយុ១៨ឆ្នាំជាជនជាតិស្បែកខ្មៅម្នាក់ ។
តាមសារព័ត៌មាន Washington Post បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៥មកទល់ពេលនេះ ប៉ូលិសអាមេរិកបានបាញ់សម្លាប់មនុស្សជាង១ពាន់នាក់ជារៀងរាល់ឆ្នាំ។ តួលេខនេះមិនមានការផ្លាស់ប្តូរនោះទេរហូតមកដល់ឆ្នាំ២០២០នេះ។ ក្នុងរយៈពេលពីដើមឆ្នាំ២០២០ មកទល់នឹងថ្ងៃទី៧ ខែមិថុនា ប៉ូលិសអាមេរិកបានបាញ់សម្លាប់មនុស្ស ៤៦៣នាក់។
ដោយឡែកនៅក្នុងខែឧសភា ឆ្នាំ២០២០ សារព័ត៌មាន Washington Post បានផ្សាយថា មានមនុស្ស១១០នាក់ស្លាប់ដោយសារតែស្នាដៃប៉ូលិសអាមេរិក ។ ដោយសារតែមានអ្នកស្លាប់ច្រើន បែបនេះហើយទើបធ្វើឲ្យពលរដ្ឋ ទាមទារឲ្យមានការកែទម្រង់ជាទ្រង់ទ្រាយធំ។
ប៉ុន្តែតាមការកត់សម្គាល់ ចំនួនជនជាតិស្បែកខ្មៅស្លាប់បានថយចុះជាងមុន តែនៅតែមានច្រើនជាងចំនួនជនជាតិស្បែកសដដែល៕
ដោយ៖ធី រីណា