ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ បានស្លាប់ដោយសារចរន្ថអគ្គិសនីបន្ទាប់ពីរូបគាត់យកឧបករណ៍ឆក់ត្រី ទៅឆក់ត្រីក្នុងបឹង ប៉ុន្តែមិនប្រយ័ត្នបែរជាត្រូវឆក់ខ្លួនឯងទៅវិញ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលំ ត្រង់ចំណុចរោង បូបខ្សាច់ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ផាម ទឹង អាយុ ៥៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
បើតាមប្រភពព័ត៌មានពីកម្មករនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានរៀបចំសម្ភារយកទៅឆក់ត្រីក្នុងបំណងរកម្ហូបទុកដូចសព្វដង ។ លុះដល់ម៉ោងធ្វើការ មិនឃើញមកវិញ គាត់ក៏បានដើររកមើល ស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់ ជាប់នឹងសម្ភារឆក់ត្រីបាត់ទៅហើយ ទើបគាត់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើកំណត់ហេតុតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកទីតាំងកើតហេតុ ដោយសហការជាមួយនគរបាលជំនាញកោសល្យវិច័យរាជធានីភ្នំពេញបានធ្វើកំណត់ហេតុនិងសន្និដ្ឋានថា ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែនរួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ដោយ៖ ជ្រោយពេជ្រ