ភ្នំពេញ៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញណែនាំដល់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវទទួល និងប្រមូលយកពាក្យបណ្តឹងនានាជាលាយលក្ខណ៍អក្សរ ឬក៏ជាការផ្សព្វផ្សាយតាមសារព័ត៌មាន ឬតាមបណ្តាញសង្គមផ្សេងៗពីគ្រប់ប្រភព ដែលទាក់ទងទៅនិងរឿងរ៉ាវ ក៏ដូចជារឿងអាស្រូវរបស់មន្រ្តីក្រោមចំណុះក្រសួងមហាផ្ទៃ យកមកដោះស្រាយឲ្យអស់ និងឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋានប្រកបដោយយុត្តិធម៍។
សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ “ខ្ញុំសូមស្នើ ធ្វើមិចគោលការណ៍របស់យើងគឺត្រូវតែប្រមូលរឿងឲ្យអស់ហើយដោះស្រាយរឿងឲ្យអស់ ព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនិងក្រសួងមហាផ្ទៃ គឺយើងខិតខំប្រមូលឲ្យអស់ ហើយដោះស្រាយឲ្យអស់ ទោះបីតាមប្រភពណាក៏ដោយ”។
សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍បន្តថា ៖ រាល់ការបង្ហោះសារ ឬការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននៅតាមប្រព័ន្ធអេឡិចត្រូនិក គឺមានព័ត៌មានខ្លះត្រូវ ដែលយើងត្រូវតែយកមកធ្វើការស្រាវជ្រាវ និងដោះស្រាយទោះបីចេញពីប្រភពណាក៏ដោយ។ ប្រសាសន៍សម្តេចក្រឡាហោមបានបន្តថា៖ “ខ្ញុំចាប់អារម្មណ៍ ការប្រមូល និងការដោះស្រាយពាក្យបណ្តឹង ព្រោះពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ វាជារឿងមួយហើយ ដែលយើងត្រូវតែយកមកដោះស្រាយព្រោះវាមានប្រភពច្បាស់លាស់ ហើយនិងជាក់ស្តែង ហើយទីពីរ គឺយើងប្រមូលព័ត៌មាន ឥឡូវនេះគឺយើងពឹងផ្អែកទៅលើតាមការផ្សព្វផ្សាយតាមហ្វេសប៊ុកនេះ ដែលកន្លងទៅគឺយើងក៏រកឃើញថា គឺជាព័ត៌មានដែលពិតដែរ មិនមែនព័ត៌មាននិងមិនពិតទេ ដែលគេចុះផ្សាយតាមហ្វេសប៊ុក តាមប្រព័ន្ឋអេឡិចត្រូនិក”។
សម្តេចក្រឡាហោម ក៏បានចាត់ទុកថា នេះគឺជាប្រភេទពាក្យបណ្តឹងមួយតាមរយៈសារពត៌មាន ឬតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងៗ ហើយសម្តេចក្រឡាហោម ក៏បានណែនាំឲ្យអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ជ្រើសរើសយកបញ្ហាទាំងអស់នោះយកមកស្រាវជ្រាវ ហើយធ្វើការដោះស្រាយ។ លើសពីនេះទៀត សម្តេច ក៏បានចាត់ទុកថា មន្រ្តីអធិការកិច្ច ក៏ដូចជាមន្រ្តីសវនកម្ម គឺដូចជាបូជនីយៈបុគ្គល ដែលត្រូវតែតម្កល់យុត្តិធម៌ជាចម្បង គឺត្រូវធ្វើការដោយភាពត្រឹមត្រូវយុត្តិធម៌ និងមិនលំអៀង។
សូមជម្រាបថា ក្នុងឆ្នាំ២០១៩ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងចំនួន ៨៥៣ សំណុំរឿង ដោយក្នុងនោះទទួលបានពីប្រភពជាច្រើនរួមមាន តាមរយៈក្រសួងមហាផ្ទៃផ្ទាល់, តាមបញ្ជារបស់ថ្នាក់ដឹកនាំ, តាមសំណើអន្តរាគមន៍ និងតាមរយៈសារព័ត៌មាននានា។ ហើយក្នុងចំណោមពាក្យបណ្តឹងសរុបចំនួន ៨៥៣នេះដែរ អគ្គាធិការដ្ឋាន បានចាត់មន្រ្តីជំនាញចុះធ្វើអធិការកិច្ច អង្កេតស្រាវជ្រាវ ព្រមទាំងបានស្នើសុំគោលការណ៍ពិនិត្យ សម្រេចដោយបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធ និងសាម៉ីដើមបណ្តឹងតាមនីតិវិធីច្បាប់។ ព្រមជាមួយគ្នានោះដែរ ផ្អែកតាមលទ្ធផលនៃការចុះធ្វើអធិការកិច្ចនេះដែរ អគ្គាធិការដ្ឋាន ក៏បានធ្វើការណែនាំ និងដាក់ពិន័យដល់អង្គភាពថ្នាក់កណ្តាលនានាចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងមន្រ្តីពាក់ព័ន្ធ ឲ្យពង្រឹងការអនុវត្តតួនាទី ភារកិច្ចទៅតាមសេចក្តីណែនាំ ឬលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ៕សហការី