អន្តរជាតិ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងសវនាការនៅតុលាការស្រុកHennepin លោកចៅក្រម Jeannice Reding បានកំណត់ឲ្យលោកDerek Chauvin អតីតមន្ត្រីប៉ូលិសក្នុងទីក្រុង Minneapolis ដែលសង្កត់ក លោក ចច ហ្វ្លយដ៍ (George Floyd ) តម្កល់ប្រាក់យ៉ាងតិចចំនួន១លានដុល្លារ ដើម្បីស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន និងរង់ចាំការកាត់ទោស។ ដោយប៉ូលិសរូបនេះ ត្រូវបានចោទពីបទឃាតកម្មកម្រិតពីរជុំវិញករណីស្លាប់របស់លោក Floyd ដែលបង្កឲ្យមានបាតុកម្មហិង្សាពេញអាមេរិក។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ការតម្កល់ប្រាក់នេះលោក លោក ចច ហ្វ្លយដ៍ (George Floyd )អាចធ្វើឡើងតាមវិធីពីរយ៉ាង។បើតាមលោកចៅក្រម លោក Chauvin អាចប្រាក់តម្កល់ចំនួន ១លានដុល្លារ ដោយមានភ្ជាប់លក្ខខណ្ឌ និង១,២៥លានដុល្លារ ដោយមិនភ្ជាប់លក្ខខណ្ឌ។ លក្ខខណ្ឌនេះ ទាមទារឲ្យអតីតប៉ូលិស មិនកាន់កាំភ្លើង ហាមធ្វើការនៅក្នុងកងសន្តិសុខ ឬកងការពារផ្សេងៗ ហាមចាកចេញពីទីក្រុងMinneapolis និងហាមទាក់ទងជាមួយក្រុមគ្រួសាររបស់លោក Floyd ។
សវនាការបន្ទាប់ ត្រូវបានលោក Reding កំណត់នៅថ្ងៃទី២៩ ខែមិថុនាដើម្បីជំនុំជម្រះក្តីលើរឿង George Floyd ម្តងទៀត។ នាពេលកន្លងមកលោក Chauvin ត្រូវបានគេចោទពីបទឃាតកម្មកម្រិតពីរ ចំណែកអតីតប៉ូលិស ៣នាក់ទៀត ដែលមានពាក់ព័ន្ធជាមួយករណីនេះដែរ ត្រូវគេចោទពីបទ ផ្តល់ជំនួយ និងលើកទឹកចិត្តឲ្យប្រព្រឹត្តបទឃាតកម្មកម្រិតពីរ។
បន្ទាប់ពីករណីស្លាប់របស់លោក Floyd បាតុកម្មទ្រង់ទ្រាយធំ បានកើតឡើងជាច្រើនកន្លែងនៅក្នុងទឹកដីអាមេរិក ហើយបញ្ហាការស្លាប់នេះក៏បានបង្កឲ្យប្រជាជននៅក្នុងប្រទេសអឺរ៉ុបមួយចំនួន ធ្វើបាតុកម្មនៅទីនោះផងដែរ៕ដោយ៖ស តារា