ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូបុកគោយន្តដឹកដំឡូងមីឈប់ចតលើទ្រូងផ្លូវរងរបួសបាក់ជើងទាំង២

ចែករំលែក៖

     ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់បានបាក់ជើងទាំងសងខាងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូបុកគោយន្ត កន្ត្រៃដឹកដំឡូងមីពីក្រោយដែលឈប់ចតលើទ្រូងផ្លូវកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៥៨ A ត្រង់ចំណុចភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ។ 

 លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក ឲ្យដឹងថា៖ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះនឿន ក្លី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក  បើកបរម៉ូតូម៉ាកហុងដាវេវ ពណ៌ក្រហម-ខ្មៅ ពាក់ស្លាកលេខ  1L.7132ប.មានជ័យ ។ចំណែកអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះចេន អន ភេទប្រុសអាយុ៤៧ឆ្នាំមានទីនៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ 

 លោកអធិការបញ្ជាក់ថា៖មុនពេលកើតហេតុមានគោយន្តកន្ត្រៃ០១គ្រឿងបានដឹកដើមដំឡូងមីបើកបរពីទិសខាងជើងទៅត្បូង ។ពេលបើកមកដល់ចំណុចកើតហេតុ ក្នុងភូមិចំការគ ឃុំស្វាយចេក បានឈប់នៅលើទ្រូងផ្លូវ ដោយមិនបានដាក់ភ្លើងបំភ្លឺពីក្រោយជាសញ្ញាសម្គាល់ ស្របពេលនោះអ្នកបើកបរម៉ូតូ ដែលមានល្បឿនលឿនជាចំណុចផ្លូវកោង ក៏ជ្រុលទៅបុកពីក្រោយគោយន្ត ចំពីក្រោយបណ្តាលឲ្យជនរងគ្រោះបាក់ជើងទាំង២តែម្ដង ។ បន្ទាប់មកសមត្ថកិច្ចបានចេញទៅធ្វើអន្តរាគមន៍ដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។

បច្ចុប្បន្នវត្ថុតាងម៉ូតូ គោយន្តត្រូវកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក  ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ដោយ៖វណ្ណា


ចែករំលែក៖