ភ្នំពេញ៖ បទចម្រៀង«កណ្ដៀវអូនស្រួយ» ដែលច្រៀងដោយអ្នកចម្រៀងមិនធ្លាប់ស្គាល់ម្នាក់ឈ្មោះ បរ៉ាម៉ី រងការរិះគន់ខ្លាំងៗពីសំណាក់ទស្សនិកជនជាច្រើនបន្តបន្ទាប់។ រិះគន់ព្រោះតែបទចម្រៀងនេះមានបង្កប់ដោយពាក្យពេជ្រអសីលធម៌ជាច្រើននៅពេលដែលគន្លាស់កាត់នោះ។
បទចម្រៀងខាងលើត្រូវបានបញ្ចេញលើ Chanel វីដេអូ Youtubeឈ្មោះ DomRey (ដំរី) និងបណ្តាញសង្គម Facebook មិនបានប៉ុន្មានម៉ោងផង ត្រូវបានសំពងដោយពាក្យរិះគន់មិនសំច្ចៃមាត់ពីមហាជន ថាជាបទចម្រៀងដែលមិនមានលក្ខណៈសិល្បៈ បង្កប់ដោយពាក្យអសុរស អសីលធម៌បែបពាលាអាវ៉ាសែ។ បទចម្រៀងនេះនិពន្ធទំនុកច្រៀង និងបទភ្លេងដោយអ្នកនិពន្ធរហ័សនាម ទេវបុត្រខ្មៅ។
អ្នករិះគន់ជាច្រើនលើកឡើងស្រដៀងគ្នាថា ហេតុតែចង់ល្បីទោះបីជាត្រូវបញ្ចេញបទចម្រៀង បែបអន់ៗក៏អាចធ្វើបានដែរ។ ក្រៅពីការរិះគន់លើអ្នកចម្រៀង និងអ្នកផលិតនោះ ក៏លេចចេញការស្នើសុំឲ្យក្រសួងពាក់ព័ន្ធ ពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការណាមួយជាបន្ទាន់ដើម្បីបញ្ចប់សកម្មភាព រូបភាពសិល្បៈដែលនាំឲ្យជះឥទ្ធិពលមិនល្អសម្រាប់សង្គមមួយនេះផងដែរ។ អ្នករិះគន់ខ្លះចំអកឲ្យអ្នកទស្សនាវិញថា បទចម្រៀងដែលបង្កប់ដោយអត្ថន័យខ្លឹមសារបែបអប់រំ មិនសូវមានអ្នកចាប់អារម្មណ៍ ឬចែករំលែកទេ គឺចាប់អារម្មណ៍តែបទចម្រៀងបែបនេះទើបធ្វើឲ្យអ្នកផលិត និងអ្នកច្រៀងហ៊ានលោតឆ័ត្រដើម្បីប្តូរយកភាពល្បីល្បាញ។
ក្រោយការរិះគន់នេះដែរលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានបង្ហើបនូវចំណាត់ការរបស់ក្រសួងវប្បធម៌ដែលលោកលើកឡើងថាអរគុណដល់ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ ដែលកំពុងតែមានចំណាត់ការដើម្បីស្នើសុំឲ្យលុបបទនេះចេញពីបណ្ដាញ youtube»។លោកបង្ហើបដែរថាក្រសួងក៏បាននិងកំពុងស្វែងរកម្ចាស់ផលិតកម្ម ដើម្បីធ្វើការណែនាំនិងចាត់វិធានការផងដែរ។
គួរបញ្ជាក់ផងដែរថារាល់ស្នាដៃសិល្បៈចម្រៀងដែលចេញផ្សាយទាំងអស់នៅលើទីផ្សារ ឬលើបណ្តាញសង្គមទាំងអស់មិនត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងវប្បធម៌នោះទេ ។ បើទោះបីជាយ៉ាងណាកន្លងទៅក្រសួងក៏ធ្លាប់ធ្វើការអប់រំ ណែនាំ និងព្រមានមួយចំនួនទៅកាន់អ្នកនិពន្ធឲ្យបញ្ចប់ការនិពន្ធ និងផលិតស្នាដៃ ទាំងជាសារ និងរូបភាព ដែលធ្វើឲ្យប៉ះពាលើ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។ ថ្មីៗនេះបទចម្រៀងមួយចំនួនដូចជា បទ“ចាក់សាំង” បទ” អូនធំ” និងបទចម្រៀងមួយចំនួនទៀតត្រូវបានក្រសួងធ្វើការហាមមិនឲ្យធ្វើការផ្សព្វផ្សាយព្រោះតែបទទាំងនោះបានបង្កង់ដោយអត្ថន័យអសីលធម៌ និងធ្វើឲ្យប៉ះពាល់ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជំនឿសាសនា និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិ៕ ដោយ៖ វឌ្ឍនា