ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ រឿងនាឡិកាដាស់វិញ្ញាណ បានទទួលពានដល់ទៅ ៣ ពីកម្មវិធី Horror Bowl: Edition IIIនៅប្រទេសឥណ្ឌា

ចែករំលែក៖

ភ្នំពេញពិតជាមានការភ្ញាក់ផ្អើល និងសាទរចំពោះការសម្រេចបានជោគជ័យ និងនាំមកនូវមោទភាពសម្រាប់ជាតិមាតុភូមិ ក្រោយពីភាពយន្តលេចធ្លោររបស់កម្ពុជា គឺរឿងនាឡិកាដាស់វិញ្ញាណ” ទទួលបានពានរង្វាន់រហូតដល់ទៅ៣ព្រមគ្នាពីកម្មវិធីប្រកួតភាពយន្តអន្តរជាតិបែបភ័យរន្ធត់ Horror Bowl: Edition IIIនៅប្រទេសឥណ្ឌា

Horror Bowl Movie Awards គឺជាកម្មវិធីប្រកួតប្រជែងលើស្នាដៃផលិតភាពយន្តបែបភ័យរន្ធត់របស់ប្រទេសឥណ្ឌា ដែលជារៀងរាល់ឆ្នាំមានភាពយន្តរាប់ពាន់រឿងត្រូវបានដាក់ឲ្យមានការប្រកួតប្រជែងដែលក្នុងនោះពានរង្វាន់ចំនួន២៥ ត្រូវបានផ្តល់ជូនទៅកាន់ផលិតករ សិល្បករក្នុងភាពយន្តបែបភ័យរន្ធត់ទាំងនោះ។ រឿង “នាឡិកាដាស់វិញ្ញាណ” របស់ផលិតកម្ម LD Picture ដែលធ្លាប់ទទួលបានពានរង្វាន់ជាច្រើនពីកម្មវិធីប្រកួតប្រជែងក្នុងស្រុកនោះក៏ត្រូវបានជាប់ក្នុងតារាងនៃជម្រើសភាពយន្តឆ្នើមជាង១០០មកពីជុំវិញពិភពលោកក្នុងកម្មវិធីខាងលើនេះផងដែរ។ ជាលទ្ធផលភាពយន្តល្អឯករបស់កម្ពុជានេះទទួលបានការគាំទ្រ និងទទួលបានពានរង្វាន់៣ព្រមៗទីមួយគឺពានរង្វាន់”អ្នកដឹកនាំភាពយន្តឆ្នើម”(Best Director) គឺលោក លៀក លីដាពានរង្វាន់ “ភាពយន្តកាត់តល្អបំផុត” (Best Film Of The Edition) និងពានរង្វាន់”តារាសម្តែងប្រុសឆ្នើម” (Best Actor-Male) បានទៅលើតារាសម្តែងប្រុស លោក សន ពិសិដ្ឋនេះគឺជាមោទនភាព ដែលភាពយន្តខ្នាតធំរបស់កម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានពានរង្វាន់ក្នុងកម្មវិធីប្រកួតដ៏សម្បើមមួយនេះ

ដោយសារការរីករាលដាលនៃជំងឺកូវីដ​-១៩ បានធ្វើឲ្យកម្មវិធីនៃការទទួលពានរង្វាន់ត្រូវបានពន្យាពេល ទោះជាយ៉ាងណា តំណាងផលិតកម្មLD Picture បានលើកឡើងថា​ជាមោទភាពសម្រាប់វិស័យភាពយន្តកម្ពុជា និងជាជំហានដំបូងនៃភាពយន្តរន្ធត់របស់ខ្មែរទទួលបានពានរង្វាន់៣ពីបរទេស ហើយផលិតកម្មពិតជាអរគុណសម្រាប់ការគាំទ្រ និងការជំរុញគាំទ្រពីនាយកដ្ឋានភាពយន្តកម្ពុជានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គួរបញ្ជាក់ដែរថា ភាពយន្តខ្នាតធំបែបភ័យរន្ធត់រឿង “នាឡិកាដាស់វិញ្ញាណ”(The Clock Spirits Awakening) ត្រូវបានដឹកនាំផលិតដោយ លោក លៀក លីដា និពន្ធដោយលោកម៉ូ លីន ។ ភាពយន្តនេះត្រូវបានចាក់បញ្ចាំងលើកដំបូងនៅកម្ពុជាកាលពីអំឡុងចុងឆ្នាំ២០១៩ និងបន្តចេញទៅចាក់បញ្ចាំងនៅរោងភាពយន្តបណ្តាប្រទេសនានាក្នុងតំបន់អាស៊ានផងដែរ។ ភាពយន្តនេះក៏បានឈ្នះពានរង្វាន់ធំៗ និងពានកិត្តិយស ២ផងដែរ ពីមហោស្រពភាពយន្តជាតិលើកទី៦ ប្រចាំឆ្នាំ ២០១៩ ដែលរួមមានពានរង្វាន់ភាពយន្តឆ្នើម”ពានរង្វាន់”អ្នកដឹកនាំរឿងឆ្នើម” ពានរង្វាន់អ្នកដំឡើងរូបភាពឆ្នើម” ពានរង្វាន់”អ្នកផ្គុំសំឡេងឆ្នើម”ជាដើម។ ផលិតកម្មLD Picture បាននិងកំពុងបន្តផលិតភាពយន្តបែបភ័យរន្ធត់មួយទៀតគឺភាពយន្តរឿង The Clock Red Wall ដែលមានទាំងការចូលរួមសម្តែងពីតារាប្រុសឆ្នើមមកពីប្រទេសមីយ៉ាន់ម៉ាផងដែរ៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖