ខេត្តមណ្ឌលគិរី ៖ អនុផលធម្មជាតិ ដែលមាននៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ កំពុងតែពេញនិយមសម្រាប់អ្នកទេសចរចូលមកកម្សាន្ត និងសម្រាកលម្ហែកាយក្នុងខេត្តមណ្ឌលគិរី។ ក្នុងន័យនេះ ក៏បង្ហាញផងដែរថា “ការផ្សព្វផ្សាយសក្ដានុពលក្នុងតំបន់ គឺរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន”។
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការ WWF បានចុះល្បាតក្នុងភូមិសាស្រ្តសហគមន៍តំបន់ការពារធម្មជាតិ”ស្រែអ៊ីណុំភំ” នៃដែនជម្រកសត្វព្រៃភ្នំព្រេច។
បើតាមលោក ហាន ខន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បញ្ជាក់ថា ការចុះពិនិត្យព្រៃតំបន់សហគមន៍ការពារធម្មជាតិ រយៈពេល២ថ្ងៃឃើញថា បង្គោលព្រំប្រទល់សហគមន៍ចំនួន៣ ត្រូវបានជនមិនស្គាល់មុខរុញផ្តួល រីឯស្លាកសញ្ញាហាមឃាត់នៃតំបន់គ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍ក៏ត្រូវជនខិលខូចកម្ទេចចោលផងដែរ។ ក្នុងការចុះល្បាតនេះ ក្រុមការងារបានប្រមូលអនុផលធម្មជាតិ រួមមាន ផ្លែពង្រព្រៃ និងផ្សិចប៉ក់ជាដើម៕ដោយ៖សិលា