រយៈពេល១ថ្ងៃ ក្រោយពីកូរ៉េខាងជើងកាត់ផ្តាច់ប្រព័ន្ធទំនាក់ ទំនងជាមួយកូរ៉េខាងត្បូងមក ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងនៅថ្ងៃទី១០ ខែមិថុនា បានបញ្ជាក់ថា នឹងមានវិធានការទៅលើអង្គការចំនួន២ ដែលបានលួចលាក់បញ្ជូនសារប្រឆាំងកូរ៉េខាងជើងនិងសម្ភារប្រើប្រាស់បង្ហោះចូលទៅកាន់ព្រំដែន។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងឯកភាពជាតិកូរ៉េខាងត្បូងលោក Yoh Sang-key បានបញ្ជាក់ថា អង្គការ “Kuensaem” និង ក្រុមទាហានប្រយុទ្ធដើម្បីសេរីភាពកូរ៉េខាងជើង បានបំពានច្បាប់ សហប្រតិបត្តិការ និងដោះដូរឧបទ្វីប ដោយបានបញ្ជូនសារប្រឆាំងរដ្ឋាភិបាលអមដោយបរិក្ខារដែលមានអង្ករ និងថ្នាំពេទ្យទៅកាន់កូរ៉េខាងជើង។
លោក Yoh Sang-key បន្តទៀតថា «ក្រុមទាំងពីរខាងលើបានបំពានច្បាប់ស្តីពីកិច្ចសហប្របត្តិការទ្វេភាគី ដោយបង្ហោះសារប្រឆាំងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ជាការបំពានច្បាប់និងបង្កឲ្យមានភាពតានតឹងដល់ប្រទេសទាំងពីរ។ សកម្មភាពខាងលើធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាព និងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋក្នុងតំបន់។
ដោយសារតែសកម្មភាពខាងលើ ទើបធ្វើឲ្យកូរ៉េខាងជើងកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងទ្វេភាគីនៅតំបន់ព្រំដែន ដោយកូរ៉េខាងជើងមិនបានប្រកាសពីមូលហេតុនោះឡើយ។ ការបង្ហោះសារចូលទៅកាន់ទឹកដីកូរ៉េខាងជើង គឺជាការបំពានកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរ និងដើរផ្ទុយពីចក្ខុវិស័យ និងកំណត់ហេតុក្នុងជំនួបរវាង ប្រធានាធិបតី មូន ជេអុីន និងគីម ជុងអ៊ុន នាពេលកន្លងមក៕
ដោយ៖ធី រីណា