ព័ត៌មានទាន់ហេតុការណ៍៖

Kavin ថាសប្បាយចិត្តពេលត្រូវទស្សនិកជនជេរក្រោយសម្តែងរឿងអប់រំ”ប្រពន្ធបាយកក”

ចែករំលែក៖

   ​ភ្នំពេញ៖ តារាសម្តែងប្រុស ង៉ែត សុវណ្ណេត ហៅ Kavin ត្រូវបានអ្នកទស្សនាភាពយន្ត អប់រំរឿង”ប្រពន្ធបាយកក” ជេរកប់ៗមាត់ព្រោះតែលោកសម្តែងជាតួប្តីចិត្តផិតក្បត់នឹង ភរិយា លួចមានស្រីថ្មីក្រៅផ្ទះ។ ការបញ្ចេញយោបល់របស់ទស្សនិកជនក៏ធ្វើឡើង ក្រោយពី ភាពយន្តនេះទើបនឹងបញ្ចេញលើបណ្តាញសង្គម២ថ្ងៃ និងមានអ្នកចូលទស្សនាជាង១លាន ដងនោះ។

ភាពយន្ត អប់រំរឿង”ប្រពន្ធបាយកក” ត្រូវបានចូលរួមសម្តែងដោយកញ្ញា លាង ចាន់ឡា លោក Kavin កញ្ញា ហេង វិមាន និងកញ្ញា ហេង ស្រីពេជ្រ និងលេចការគាំទ្រខ្លាំងទាំងលើបណ្តាញសង្គមហ្វេសប៊ុក និង Youtube។ ស្របគ្នានេះដែរមានទស្សនិកជនមិនតិចទេដែលបានបង្ហាញចំណាប់អារម្មណ៍មានទាំងការកោតសរសើរចំពោះអ្នកនិពន្ធ និងសមត្ថភាពសម្តែងរបស់តារាសម្តែងទាំងអស់ ក្នុងនោះ តារាសម្តែងប្រុស Kavin ដែលបានសម្តែងជាតួអង្គប្តីផិតក្បត់ភរិយាកម្សត់កម្រទៅមានស្រីថ្មី ថែមទាំងបំផ្លាញ និងលួចទ្រព្យសម្បត្តិដើម្បីស្រីថ្មីកំពូលល្បិចសម្តែងដោយកញ្ញា ហេង វិមាននោះ។ តារាសម្តែង Kavin បានលើកឡើងថា លោកសប្បាយចិត្តខ្លាំងដែលភាពយន្តនេះទទួលបានការគាំទ្រ និងពេញចិត្តច្រើនពីទស្សនិកជន។ លោកថាពាក្យបញ្ចេញយោបល់ និងការជេរលោកជាតួអង្គសម្តែងក្នុងភាពយន្តនេះឆ្លុះបញ្ចាំងពីភាពជោគជ័យ។ ជោគជ័យព្រោះតែលោកនិងតារាសម្តែងទាំងអស់អាចនាំអារម្មណ៍ទស្សនិកជនឲ្យចូលជ្រៅក្នុងសាច់រឿង ហើយពួកគាត់អាចមានអារម្មណ៍ដក់ជាប់នូវសាច់រឿងដែលបង្កប់ដោយទស្សនៈអប់រំ និងរឿងរ៉ាវដែលកើតមានក្នុងសង្គមនាពេលបច្ចុប្បន្ន។ លោកក៏ថ្លែងអំណរគុណចំពោះទស្សនិកជនដែលបានគាំទ្រ និងចែករំលែកនូវស្នាដៃសិល្បៈបែបអប់រំ និងមានអត្ថប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នាចូលរួមពិចារណាមុនសម្រេចចិត្តធ្វើអ្វីមួយ។ ជាមួយគ្នានេះលោកក៏ទទួលយកការរិះគន់លើចំណុចខ្វះខាតមួយចំនួនដើម្បីបន្តកែលម្អ សម្រាប់ការចូលរួមសម្តែងភាពយន្តក្រោយៗទៀត។

គួរបញ្ជាក់ដែរថាភាពយន្តអប់រំខ្លីរឿង”ប្រពន្ធបាយកក”របស់ផលិតកម្ម យ៉ូប(Job Production) ដឹកនាំសម្តែង និងនិពន្ធដោយ លោក សយ រតនា ។ ភាពយន្តនេះបានចាក់ចំបេះដូងអ្នកទស្សនាខ្លាំងដែលឆ្លុះបញ្ចាំងពីតថភាពសង្គម និងរឿងរ៉ាវ ស្នេហា សម័យថ្មីនោះ បាននិងកំពុងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖