អាល្លឺម៉ង់៖ ក្រុមម្ចាស់ជើងឯក Bayern Munich បានយកឈ្នះក្រុម EintrachtFrankfurt ក្នុងលទ្ធផល ២ទល់១ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ German Cup កាលពីរាត្រីម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
សម្រាប់ការប្រកួតកាលពីយប់មិញ ការគ្រប់គ្រងបាល់គឺក្រុម Bayern Munich មានច្រើនលើសលុប ដោយដើមតង់ទី១ នៅនាទីទី១៤ កីឡាករ Perišić របស់ Bayern Munich រកបាន១គ្រាប់នាំមុខក្រុមភ្ញៀវ។ ចូលវគ្គទី២ នៅនាទីទី៦៩ កីឡាករក្រុមភ្ញៀវ da Costa ក៏រកបាន១គ្រាប់សងវិញធ្វើឲ្យការប្រកួតកាន់តែតានតឹង។ ប៉ុន្តែនៅនាទីទី៧៤ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប៉ូឡូញ Robert Lewandowski ស៊ុតបាល់បញ្ចូលទីគូប្រកួតមួយគ្រាប់វិញ។ ចប់ការប្រកួតក្រុមខ្លាំង Bayern Munich ទទួលបានជ័យជម្នះលើក្រុម Eintracht Frankfurt ក្នុងលទ្ធផល ២ទល់១។
សូមបញ្ជាក់ថា លទ្ធផលនេះធ្វើក្រុម Bayern Munich មានឱកាសឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Leverkusen ដែលទើបឈ្នះក្រុម Saarbrucken ក្នុងលទ្ធផល៣ទល់០។ ការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ Berlin’s Olympic Stadium នៅថ្ងៃទី៤ ខែកក្កដា ខាងមុខ។ ក្រុម Bayern Munich ដែលឈ្នះពានរង្វាន់German Cup ២ដង ឈ្នះពានលីគកំពូលអាល្លឺម៉ង់ Bundesliga ៨ដងជាប់គ្នា ឈ្នះរាល់ការប្រកួតចំនួន២០ដងក្នុងចំណោម២១ប្រកួតចុងក្រោយ៕ដោយ៖ភារៈ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច