ព័ត៌មានទាន់ហេតុការណ៍៖

លោក សាំ ពិសិដ្ឋ៖ មន្ទីរសាធារណការរាជធានីភ្នំពេញ ត្រៀមអន្តរាគមន៍ដោះស្រាយភ្លាមៗ នៅតំបន់ងាយរងគ្រោះដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការមួយរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីចុះអន្តរាគមន៍ដោះ ស្រាយភ្លាមៗនៅទីតាំងទឹកលិច ដែលបញ្ជៀសផលប៉ៈពាល់ដល់ការធ្វើចរាចរណ៍ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថ្ងៃទី១១ មិថុនានេះថា កិច្ចសហការរវាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំ ពេញ ជាមួយរដ្ឋបាលខណ្ឌទាំង១៤ដើម្បីត្រៀមអន្តរាគមន៍ដោះស្រាយភ្លាមៗនៅនឹងកន្លែង តំបន់ងាយរងគ្រោះតំបន់កណ្ដាលក្រុង និងតំបន់ជាយក្រុងដែលប្រឈមនឹងការជន់លិចដោយជំនន់ទឹកភ្លៀង។

លោកបញ្ជាក់ថា៖ កិច្ចសហការនេះគឺជា មធ្យោបាយដ៏សំខាន់ដើម្បីដោះស្រាយបញ្ហាលិចលង់នៅរាជធានីភ្នំពេញ នារដូវវស្សានេះ ក្នុងគោលដៅកាត់បន្ថយផល ប៉ៈពាល់របស់ប្រជាពលរដ្ឋ កុំឲ្យពិបាកក្នុងការធ្វើដំណើរ និងខូចខាតទ្រព្យសម្បត្តិ។ សម្រាប់ត្រៀមក្នុងការដោះស្រាយបញ្ហាទឹកលិចនារដូវវស្សានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខណ្ឌចំនួន១៤ ដើម្បីចុះអន្តរាគមន៍ដោះស្រាយភ្លាមៗនៅទីតាំងទឹកលិច។ ហើយមានរៀបចំក្នុងការស្ដារប្រឡាយលូដែលខាងមន្ទីរបានធ្វើមួយចំនួនធំហើយ ជាពិសេសទីតាំងដែលងាយប្រឈម មុខនឹងទឹកលិច។ ជាមួយគ្នានេះដែរ មន្ទីរសាធារណការក៏បានរៀបចំក្រុមអន្តរាគមន៍ដោះ ស្រាយបញ្ហាទឹកលិចភ្លាមៗតាមទីតាំង ដើម្បីធ្វើម៉េចសម្រួលផ្លូវទឹកហូរឲ្យបានល្អប្រសើរ។

លោកបានបន្តថា ដោយឡែកចំពោះស្ថានីយបូមទឹកទាំង១៤កន្លែង មន្ទីរបានជួសជុលថែទាំរួចរាល់ហើយសម្រាប់ការត្រៀមនៅឆ្នាំថ្មីនេះ។លោកសង្ឃឹមថាបរិមាណបូមទឹកចេញឆ្នាំនេះ គឺមានការកើនឡើងខ្ពស់ជាងឆ្នាំមុនៗដោយសារ ឥឡូវនេះស្ថានីយថ្មីបានស្ថាបនារួចរាល់ដូចជានៅស្ថានីយទួលសំពៅដែលអាចដំណើរ ការនៅសប្តាហ៍ក្រោយបន្ថែមលើបរិមាណ ទឹកដែលបានបូមចេញ។

លោកបញ្ជាក់ថា ពីមុនការបូមចេញគឺ៥ ម៉ែត្រគីបក្នុងមួយសេកុង ប៉ុន្តែឥឡូវគឺ១២ម៉ែ ត្រគីបក្នុងមួយសេកុងទៀតឬរហូតដល់ ១៧ ម៉ែត្រគីបក្នុងមួយសេកុង ដែលយើងគិតថាបរិមាណថ្មីនេះដែលអាចជួយសម្រួល បញ្ហាទឹកលិចផ្លូវសហព័ន្ធរុស្ស៊ីបានមួយកម្រិត។មិនតែប៉ុណ្ណោះខាងមន្ទីរបានបង្កើនសមត្ថភាពបូមនៅជុំវិញបឹងទំពុនរហូតដល់ ៦ម៉ែត្រគីបក្នុងមួយសេកុងទៀតដែលធ្វើឲ្យតាមទីតាំងស្ថានីយ ទំាង១៤កន្លែងបានបង្កើនការបូមឲ្យកាន់តែល្អប្រសើរជាងមុន។

លោកបញ្ជាក់ថា អ្វីដែលពិសេសមួយទៀត មន្ទីរក៏បានកសាងរចនាសម្ព័ន្ធមួយចំនួនធំ ដូចជានៅបណ្ដាយស្ទឹងមានជ័យ នៅទ្វារទឹកដើមស្លែងនិងការដាក់លូប្រអប់រហូតដល់ ៧ម៉ែត្រកន្លះ នឹងស្ថានីយ៍បូមទឹកលូប្រាំ ដើម្បីសម្រួលដល់ការរំដោះទឹកភ្លៀងនិងទឹកសម្អុយបញ្ចេញទៅក្រៅក្រុងឲ្យបានលឿន កាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងនៅ រាជធានីភ្នំពេញនារដូវវស្សានេះ៕ ដោយ៖សំរិត


ចែករំលែក៖