ភ្នំពេញ៖ ស្ត្រីកំពុងមានផ្ទៃពោះចំនួន៨ខែម្នាក់ ដឹកដៃកូនប្រុសទាំងទឹកភ្នែក មកសុំការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ទី១១ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីលោកប្តីលួចមានស្រីថ្មី ហើយឆបោកយកលុយអស់៦៥០ដុល្លារ រួចគេចខ្លួនទៅបាត់ ។
ប្តីមានឈ្មោះ អុល បញ្ញា អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានស្រុកកំណើតនៅស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង ។
ចំណែកភាគីខាងប្រពន្ធមានឈ្មោះ នាក់ ពៅមុន្នី អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រៃតុំ ឃុំព្រៃឃ្មុំ ស្រុកកំពត ខេត្តកំពត ។ គ្រួសារខាងលើមានកូន២នាក់ ប្រុសម្នាក់ និងកំពុងមានផ្ទៃពោះ៨ខែ ។
តាមការយំរៀបរាប់ពីស្ត្រីខាងលើ បានឲ្យដឹងថា ដើមឡើយ គាត់ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លុះមកដល់អំឡុង ខែមិនា ឆ្នាំ២០២០ ក៏វិលទៅរស់នៅឯស្រុកកំណើត នៅខេត្តកំពតវិញ រីឯលោកប្តី ស្នាក់នៅទីក្រុងភ្នំពេញ តែម្នាក់ឯង និងប្រកបរបររត់ម៉ូតូកង់បី។ ឆ្លៀតឱកាសប្រពន្ធមិននៅជិតខ្លួន ប្ដីរបស់គាត់បានលួចមានស្រី ហើយក៏ត្រូវប្រពន្ធដឹងរឿង ទើបនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ កន្លងមកថ្មីៗនេះ ប្តីគាត់បានទៅផ្ទះ ប្រើល្បិចលួងលោមសុំខ្ចីលុយ៦៥០ដុល្លារ ទៅលស់យកម៉ូតូកង់បី ដែលរូបគេជួបបញ្ហា។ ពេលបានលុយ ក៏បានត្រទ្បប់មកភ្នំពេញវិញបាត់ បិទទាំងទូរស័ព្ទ លែងឲ្យទាក់ទងកើត ដោយមានការសង្ស័យ ប្រពន្ធក៏តាមមករកដល់កន្លែង តែមិនឃើញប្ដី ទើបដឹងថា ចាញ់ល្បិចប្តីឆរបោក យកលុយ រត់ទៅតាមស្រីបាត់។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានដឹកដៃកូនប្រុស ទាំងខ្លួនកំពុងមានផ្ទៃពោះ៨ខែ កាន់ទាំងរូបថត ទៅសុំការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីឲ្យជួយស្រាវជ្រាវ ក្នុងករណីប្រទះឃើញលោកប្តីខ្លួន ដូចភិនភាគក្នុងរូបថត ជួយឃាត់ឲ្យផង ក្នុងបំណងនិយាយដោះស្រាយគ្នា ៕ដោយសុខាសែនជ័យ