ព័ត៌មានទាន់ហេតុការណ៍៖

ឆក់យកកាបូបលុយបានហេីយរត់មិនរួចត្រូវប្រជាពលរដ្ឋក្របួចបានម្នាក់ខណៈ២នាក់ទៀតរត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់បានធ្វេីសកម្មភាពឆក់យកកាបូបលុយពីស្ត្រីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេញចាប់បានម្នាក់ចំណែក២នាក់ទៀតបានរត់គេចខ្លួនបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបុរីញូវហូម ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលប្រជាពលរដ្ឋចាប់បានម្នាក់នោះ ឈ្មោះ ឈុន សាវុធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដើរឆក់ប្លន់ និងលួច មានទីលំនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ។ ចំណែកជនរងគ្រោះឈ្មោះ សូ សុផា ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ។ នៅក្នុងកាបូបមានលុយតែ៧មុឺនរៀលទេ ហើយយកបានពីជនសង្ស័យមកវិញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកBeat ពណ៌ខៀវ បានធ្វើសកម្មភាពឆក់យកកាបូបលុយពីស្ត្រីរងគ្រោះដែលកំពុងជិះកង់នៅក្នុងបុរីញូវហូម ភូមិត្រពាំងថ្លឹង១បានសម្រេច តែម្ចាស់កាបូបបានស្រែកផ្អើលឆោឡោដល់ពលរដ្ឋនៅជិតនោះនាំគ្នាជួយដេញចាប់ទាញធ្លាក់ជនសង្ស័យពីលើម៉ូតូបានម្នាក់ហើយយកកាបូបលុយបានមកវិញ។ ចំណែកជនសង្ស័យ២នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពីចាប់ខ្លួនជនសង្ស័យបានម្នាក់ ហើយនគរបាលជំនាញខណ្ឌ និងប៉ុស្តិ៍បាននាំគ្នាតាមស្វែងរកបក្ខពួកជនសង្ស័យ តែរកមិនឃើញ ប៉ុន្តែឃាត់បានយុវជន៣នាក់ផ្សេងទៀតនាំយកទៅសាកសួរនៅប៉ុស្តិ៍ តែបើក្នុងករណីមិនមានពាក់ព័ន្ធនោះទេសមត្ថកិច្ចនឹងអនុញ្ញាតឲ្យត្រឡប់ទៅវិញ ៕ដោយ៖ សុខាសែនជ័យ


ចែករំលែក៖