ព័ត៌មានទាន់ហេតុការណ៍៖

ចេះរកគុកឃេីញ​ យកលុយដុល្លារក្លែងក្លាយចាយ​ នគរបាលដឹងឃាត់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អ្នកក្រុងពោធិ៍សាត់ ម្នាក់​ ជិះម៉ូតូបន្លំយកលុយដុល្លារក្លែងក្លាយចាយនៅស្រុកភ្នំក្រវាញ ត្រូវបានកម្លាំងនគរបាលដេញក្របួចជាប់ នាំយកមកបន្តនីតិវិធិ រកឃើញប្រាក់ដុល្លារក្លែងក្លាយចំនួន៤៧សន្លឹក ។

ករណីឃាត់ខ្លួនជនសង្ស័យជិះម៉ូតូបន្លំចាយលុយដុល្លារក្លែងក្លាយ បានអនុវត្តឡើងនៅវេលាម៉ោង១២ និង២០នាទី កណ្ដាលថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ម្ដុំស្ពានក្របៅជ្រុំ ស្ថិតនៅភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានមន្ត្រីនគរបាលស្រុកភ្នំក្រវាញអះអាងថា ជនសង្ស័យខាងលើឈ្មោះ តាំង តាយ ភេទប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានខាងលើបន្តថា ជនសង្ស័យ(តាំង តាយ)បានជិះម៉ូតូ ១គ្រឿងម៉ាក MSX ពាក់ស្លាកលេខ ពោធិសាត់ 1F 7767 នគរបាលមិនបញ្ជាក់អំពីពណ៏នោះទេ បានធ្វើសកម្មភាពដូចជា ចាយលុយដុល្លាក្លែងក្លាយក្រដាស់ប្រាក់ ២០ដុល្លា ទៅទិញកាតទូរស័ព្ទស្មាតចំនួន ១ដុល្លា ពីអ្នកលក់ឥវ៉ាន់ឈ្មោះ ខែក ធារៈ ភេទស្រី ស្ថិតនៅភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួចជនសង្ស័យ(តាំង តាយ)បន្តចាយលុយដុល្លារក្លែងក្លាយក្រដាស់ប្រាក់ ១០ដុល្លារ ទៅទិញកាតទូរស័ព្ទស្មាតអ្នកលក់ឥវ៉ាន់ម្នាក់ទៀតឈ្មោះ ប៉ុង សុបុត្រា ភេទប្រុស ស្ថិតនៅភូមិ.ឃុំជាមួយគ្នា ក្រោយធ្វើសកម្មភាពជនសង្ស័យ(តាំង តាយ) បានជិះម៉ូតូគេចប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលដេញស្ទាក់ចាប់ខ្លួនបានត្រង់ចំណុចខាងលើ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ឃាត់ខ្លួន និងនាំយកមកបន្តនីតិវិធី ឆែកឆេររកឃើញក្រដាសប្រាក់ដុល្លារក្លែងក្លាយ ១០ដុល្លាចំនួន ៣២សន្លឹក ក្រដាសប្រាក់ដុល្លារក្លែងក្លាយ ២០ដុល្លាចំនួន ០៣សន្លឹក ក្រដាសប្រាក់ដុល្លារក្លែងក្លាយ ៥០ដុល្លាចំនួន ០៩សន្លឹក ក្រដាសប្រាក់ដុល្លារក្លែងក្លាយ ១០០ដុល្លារចំនួន ០៣សន្លឹក និងម៉ូតូជិះធ្វើសកម្មភាពចំនួន ១គ្រឿង ក្នុងនោះលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បញ្ជាឲ្យសមត្ថកិច្ចនគរបាល.កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖