ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់លួចដែកក្នុងការដ្ឋានសំណង់បានសម្រេច១លើក ញ៉ាមលួចលើកទី២ ម្ចាស់ឃើញចាប់ប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្លាប់បើករុឺម៉កម៉ូតូមកធ្វើសកម្មភាពចូលលួចដែកក្នុងការដ្ឋានសំណង់មួយកន្លែងបានសម្រេច១លើក លុះញ៉ាមមកលួចលើកទី២ ត្រូវម្ចាស់ការដ្ឋានឃើញក៏នាំគ្នាព័ទ្ធចាប់បានប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ហេតុការណ៍​នេះកើតឡើងកាលពីវេលាម៉ោង ៣និង ៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ តាមបណ្ដោយផ្លូវលេខ១៩៨២ កែងនឹងផ្លូវលេខ១០០៥ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សន សីលា អាយុ២៣ឆ្នាំ មុខរបរកម្មករលើកឈើ ស្នាក់នៅម្តុំផ្សារដីហុយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងទី២-ឈ្មោះ ហង្ស សុផល អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យទាំងពីរនាក់បានបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងដើររើសអេតចាយផង និងធ្វើសកម្មភាពលួចយកសម្ភារបងប្អូនប្រជាពលរដ្ឋផង។ លុះមកដល់ចំណុចទីតាំងខាងលើឃើញឱកាសល្អ និងយប់ស្ងាត់ផងពួកគេបានលូនតាមច្រកទ្វារចេញចូលការដ្ឋានសំណង់ដែលបងប្អូនកម្មករចេញចូលធ្វើការរាល់ថ្ងៃ រួចធ្វើសកម្មភាពលួចយកដែកបានមួយចំនួនដាក់លើរុឺម៉កបើកយកទៅទុកនៅផ្ទះ រួចក៏នាំគ្នាជិះរុឺម៉កចេញទៅធ្វើសកម្មភាពលួចម្ដងទៀតដោយយកបានដែកចំនួន ៤ទៅ ៥ដើមហើយស្រាប់តែបងប្អូនកម្មករដែលបានស្នាក់នៅកន្លែងធ្វើការឃើញក៏នាំគ្នាព័ទ្ធចាប់បានរូបគេទាំងពីរនាក់តែម្ដង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកយកជនសង្ស័យទាំងពីរនាក់និងម៉ូតូសណ្តោងរ៉ឺម៉កទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី៕ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖