ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកខឿនផ្លូវបន្តបន្ទាប់គ្នាបាក់អស់ជាច្រើនកង់សមត្ថកិច្ចយកមួយគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍មួយគ្រឿងទៀតប្រគល់ឲ្យជំនាញ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីបាឡែននិងរថយន្តតូយ៉ូតាព្រូសបានបើកបុកខឿនសួនចែកទ្រូងផ្លូវជាបន្តបន្ទាប់គ្នាបណ្ដាលឲ្យបាក់បែកអស់ជាច្រើនកង់ត្រូវសមត្ថកិច្ចយកមួយគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍សង្កាត់សំរោងក្រោម និងមួយគ្រឿងទៀតប្រគល់ជូនជំនាញចរាចរណ៍រាជធានីភ្នំពេញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង២០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះកែងនឹងផ្លូវរថភ្លើង ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលដ្ឋដែលហេតុឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តកាមរី បាឡែនពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Z-5052រួមដំណើរជាមួយជនជាតិចិនម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងជាប់នឹងផ្លូវរថភ្លើងក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុកែងនឹងមហាវិថី ឈ្នះ=ឈ្នះបានជ្រុលចង្កូតទៅបុកខឿនសួនចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ធ្វើឱ្យរថយន្តកល់ជាប់នឹងសួនផ្លូវទៅមុខលែងរួច។លុះបន្តិចក្រោយមកស្រាប់តែមានរថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BC-2925បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រីប្រមាណ២ទៅ៣នាក់ទៀតបានរេចង្កូតទៅបុកខឿនសួនចែកទ្រូងផ្លូវនៅកន្លែងដដែលបណ្ដាលឱ្យរងការខូចខាតបាក់បែកបន្ថែមទៀត។ ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុគេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងលោកអធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យចុះមកដល់និងបានពិនិត្យនៅកន្លែងកើតហេតុដោយលោកបានប្រាប់ភ្នាក់ងារសារព័ត៌មានយើងថារថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូសមិនបង្កឲ្យមានការខូចខាតខឿនផ្លូវធ្ងន់ធ្ងរនោះទេទើបលោកឲ្យកម្លាំងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់សំរោងក្រោមដើម្បីធ្វើការណែនាំអប់រំនិងពិនិត្យរកឯកសាររួចហើយឲ្យត្រឡប់ទៅវិញ។ចំណែករថយន្តកាមរីបាឡែនត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ស្នងការដ្ឋានរាជធានីភ្នំពេញយកទៅរក្សាទុកដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖​សុខាសែនជ័យ​


ចែករំលែក៖