ខណៈការបោះឆ្នោតអាមេរិកកាន់តែជិតមកដល់ ហើយក្តីសង្ឃឹមថានឹងជាប់ឆ្នោតជាថ្មីរបស់ប្រធានាធិបតីត្រាំកាន់តែតិចទៅៗ ដោយសារតែវិបត្តិជាច្រើនកើតឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ។ នៅពេលនេះសារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា ដោយសារតែទំនាក់ទំនងមិនមានការកែប្រែជាវិជ្ជមាន ដូច្នេះកូរ៉េខាងជើង មិនមានហេតុផលអ្វីត្រូវរក្សាទំនាក់ទំនងរវាងមេដឹកនាំ គីម ជុងអ៊ុន និឹងប្រធានាធិបតី ដូណាល់ ត្រាំ នោះឡើយ។
សារព័ត៌មាន KCNAបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Son Gwon ដែលបានបញ្ជាក់ថា នៅថ្ងៃទី ១២ ខែមិថុនា ជាពេលវេលាគម្រប់ខួបពីរឆ្នាំ នៃជំនួបពិភាក្សាជាប្រវត្តិសាស្ត្រ លើកដំបូង រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និឹងមេដឹកនាំគីមជុង អ៊ុន នៅប្រទេសសិង្ហបុរី (១២មិថុនា ២០១៨-១២មិថុនា ២០២០) ប៉ុន្តែគោលនយោបាយរបស់អាមេរិកមកលើកូរ៉េខាងជើង មិនមានការផ្លាស់ប្តូរនោះឡើយ ហើយទីក្រុងវ៉ាស៊ីនតោននៅតែជាការគំរាមកំហែងយូរអង្វែងដល់ពលរដ្ឋកូរ៉េខាងជើងដដែល។
សូមបញ្ជាក់ថា នៅក្នុងជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងអាមរិក-កូរ៉េខាងជើង នៅប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំ២០១៨ គឺជាការចាប់ផ្តើម ប៉ុន្តែសេចក្តីប្រកាសរួម មិនមានកម្លាំងជំរុញគ្រប់គ្រាន់ធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរល្អប្រសើរនោះឡើយ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានបញ្ជាក់ទៀតថា សកម្មភាពរបស់រដ្ឋាភិបាលប្រធានាធិបតី ដូណាល់ ត្រាំ គ្រាន់តែជាសកម្មភាព«យកពិន្ទុនយោបាយ»តែប៉ុណ្ណោះ។ អាមេរិក នៅតែព្យាយាមដាក់គំនាបសេដ្ឋកិច្ច និងគំរាមកំហែង វាយប្រហារដោយបរមាណូ និងមានបំណងផ្លាស់ប្តូររបបដឹកនាំក្នុងប្រទេសកូរ៉េខាងជើងដដែល។
លោកត្រាំ និងលោកគីម ជុងអ៊ុន បានជួបគ្នា៣លើករួចមកហើយ គឺនៅថ្ងៃទី១២ខែមិថុនា ឆ្នាំ២០១៨ នៅសិង្ហបុរី ។ ជំនួបលើកទីពីរនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយប្រទេសវៀតណាម និងលើកទីបី ជួបនៅព្រំដែនគ្មានយោធា កូរ៉េទាំងពីរ រយៈពេលខ្លីនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ ផងដែរ៕ធី រីណា