ព័ត៌មានទាន់ហេតុការណ៍៖

ច្បាស់ការហើយ! មាស សុខសោភា ចេញពី ថោនចូលច្រៀងនៅហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងនៃការដើរចេញពីផលិតកម្មថោនរបស់តារាចម្រៀង មាស សុខសោភា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីអ្នកគាំទ្រ។ ដំណឹងចុងក្រោយដែលទទួលបានគឺតារាស្រីរូបនេះនឹងចូលជ្រកក្រោមដំបូលផលិតកម្មហង្សមាស។

តារាលំដាប់ជួរមុខ មាស សុខសោភា សម្រេចចិត្តប្រកាសបញ្ចប់ការងារនៅផលិតកម្មថោន ដែលនាងមិនមានកិច្ចសន្យានោះកាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅនេះដែលនាងលើកឡើងថាជាការសម្រេចចិត្តដ៏តានតឹងមួយ។ ទោះជាយ៉ាងណាប្រភពក្រៅផ្លូវការដែលស្និទ្ធិនឹងពួកគេបានទម្លាយថា មាស សុខសោភា នឹងចូលច្រៀងក្នុងផលិតកម្មហង្សមាស ដែលជាផលិតកម្មនាំមុខមួយនៅកម្ពុជា។ ប្រភពបញ្ជាក់ថា ដំណឹងនៃការចូលផលិតកម្មហង្សមាសគឺកាលពីអំឡុងមុនចូលឆ្នាំមកម៉្លេះគ្រាដែលគេបានឃើញដំណើរចូលទស្សនារបស់​​តារាស្រីរូបនេះនឹងបងប្រុសគឺលោក មាស សុខរតនៈ ទៅកាន់ស្ទីយោថតរបស់ផលិតកម្មហង្សមាស។ ប្រភពលើកឡើងដែរថាម្តងនេះចូលជ្រកក្រោមដំបូលផលិតកម្មធំ មាស សុខសោភា បានចុះកិច្ចសន្យា ដែលជារឿងដែលនាងមិនធ្លាប់ធ្វើជាមួយផលិតកម្មដែលនាងធ្លាប់បានច្រៀងឲ្យកន្លងមក។ ទោះជាយ៉ាងណាគេមិនដឹងទេអំពីលក្ខខណ្ឌ និងរយៈពេលដែលនាងបានចុះកិច្ចសន្យាជាមួយផលិតកម្មនេះ។ មានការលើកឡើងដែរថា សមត្ថភាពតារាស្រីរូបនេះមិនអន់ទេ ស្របនឹងផលិតកម្មនាំមុខនោះនឹងបន្តសាងភាពល្បីល្បាញឲ្យនាងកាន់តែប្រសើរ ប៉ុន្តែនាងក៏ត្រូវប្រឈមនឹងការប្រកួតប្រជែងជាមួយនឹងតារាស្រីល្បីឈ្មោះជាច្រើនក្នុងផលិតកម្មនេះ ពិសេសតារាចម្រៀង ឱក សុគន្ធកញ្ញា ។ ប្រភពដដែលលើក​ឡើងថាបទចម្រៀងរបស់ មាស សុខសោភា បានត្រៀមរួចរាល់ហើយដើម្បី​ស្វាគមន៍ទ្រនុំថ្មី​គឺនៅតែរងចាំឱកាសល្អតែប៉ុណ្ណោះដើម្បីបញ្ចេញ។

កន្លងទៅនេះមាស សុខសោភា បញ្ជាក់អំពីមូលហេតុនៅពីក្រោយការចាកចេញរបស់​នាងពីផលិតកម្មថោនថា ព្រោះតែការរងសម្ពាធការងារ ដែលធ្វើឲ្យនាងតឹងតែងខ្លាំង ដោយ រយៈពេលបីឆ្នាំចុងក្រោយនេះ រូបនាងដែលជាអ្នកចម្រៀងត្រូវរ៉ាប់រងការងារជាច្រើនលើសពីតួនាទីអ្នកចម្រៀង។ ពេលខ្លះនាងត្រូវដើររក Sponser ដោយខ្លួនឯង ធ្វើបទចម្រៀងដោយខ្លួនឯង ហើយការងារមួយចំនួនទៀត នាងមើលឃើញថាមិនទៅមុខ ទើបនាងសម្រេចថា ដើរចេញនៅពេលនេះតែម្ដង។

គួរបញ្ជាក់ដែរថា ក្រោយបញ្ចប់ការច្រៀងក្នុងផលិតកម្ម M មាស សុខសោភា បានចូលប្រឡូកក្នុងផលិតកម្មថោនរយៈពេល៩ ឆ្នាំ ដោយនាង បានសាងភាពលេចធ្លោរកាន់តែខ្លាំងក្រោយពីនាងទទួលបានឱកាសច្រៀង បទថ្មីល្អ និងក្រោយពីនាងប្រកាសបញ្ចប់ការយកបទចម្រៀងបរទេសមកច្រៀង។ នាងក៏មានសិទ្ធិក្នុងការចេញផលិតបទចម្រៀងផ្ទាល់ខ្លួន និងច្រៀងឲ្យផលិតកម្មក្រៅស្រុកមួយចំនួនផងដែរ។ ការចាកចេញរបស់តារាចម្រៀងរូបនេះត្រូវបានគេចាត់ទុកថាជាការបាត់បង់តារាចម្រៀងឆ្នើមក្នុងផលិតកម្ម បើទោះបីជាផលិត​កម្មនេះមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើននាក់ទៀតក៏ដោយ៕ដោយ៖វឌ្ឍនា


ចែករំលែក៖