ខេត្តកណ្ដាល៖ ការផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលខេត្តកណ្ដាល គឺរដ្ឋបាលខេត្ត មានគោលបំណងចង់ផ្សព្វផ្សាយ និងផ្ដល់ការណែនាំនូវគោលការណ៍សំខាន់ៗដល់ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត អំពីការចាប់ផ្ដើមជាផ្លូវការនូវការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រងចាត់ចែងនិងផ្ដល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខេត្តប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
នេះជាការបញ្ជាក់របស់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយដំណើរការមន្ទីរសុខាបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពី លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងអាជ្ញាធរ ក្រុង-ស្រុកជាច្រើនរូប។
លោកអភិបាល បានបញ្ជាក់បន្តថា ៖ ការដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់រដ្ឋបាលខេត្តគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ មានន័យថាគឺជាការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋផ្ទាល់ ងាយស្រួលក្នុងការគ្រប់គ្រងចាត់ចែង និងទទួលខុសត្រូវ លើការផ្ដល់សេវាសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកបានបញ្ជាក់បន្ថែមថា ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត នឹងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចទទួលរបស់ខ្លួន អំពីសកម្មភាពការផ្តល់សេវាសុខាភិបាលនានាដែលបានប្រគល់ឱ្យ ដូចច្នេះ មន្រ្តីសុខាភិបាលត្រូវមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលខេត្ត ដោយតម្លាភាពគណនេយ្យភាព និងមានគុណភាពខ្ពស់។
សូមជម្រាបថា មន្ទីរសុខាភិបាលខេត្តកណ្តាល មានមន្ត្រីទាំងក្របខណ្ឌ និងចុះកិច្ចសន្យាចំនួន ១៤៣៧នាក់ ដែលកំពុងបម្រើការងារនៅមន្ទីរសុខាភិបាល និងតាមមន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកស្រុកមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព។ ខេត្តកណ្ដាលមានការិយាល័យស្រុកប្រតិបត្តិចំនួន ១០ មានមន្ទីរពេទ្យបង្អែកចំនួន១១ មានមណ្ឌលសុខភាពចំនួន ១០៣ មានប៉ុស្តិ៍សុខភាពចំនួន ២ និងមានគ្រែអ្នកជំងឺចំនួន ៧០២ គ្រែ៕សហការី