កណ្ដាល៖ បុរសម្នាក់ជាកម្មករសំណង់ត្រូវជនសង្ស័យ៣នាក់វាយដំ បណ្ដាលឲ្យទទួលរងរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង៣នាក់ បានរត់គេចខ្លួនបាត់ស្រមោល ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មិះ រឿន ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ។ ចំណែកជនសង្ស័យមានគ្នា៣នាក់ ទី១ -ឈ្មោះ ហួរ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ,ទី២-ឈ្មោះ ល័ក្ខ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ និងទី៣-ឈ្មោះ ម៉ាញ ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ។ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិធ្លោកអណ្តូង ឃុំស្លក្រាម ស្រុក សៀមរាប ខេត្តសៀមរាប ។
ប្រភពដដែលបន្ដថា ជនរងគ្រោះ និងក្រុមជនសង្ស័យបានចាកចេញពីស្រុកកំណើតពីខេត្ដសៀមរាប មកធ្វើការជាកម្មករសំណង់នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្ដកណ្ដាល លុះមកដល់ថ្ងៃកើតហេតុ ក្រុមជនសង្ស័យទាំង៣នាក់ បាននាំគ្នាផឹកស៊ីក្បែរជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបាននិយាយឌឺដងថា ប្រសិនបើអ្នកណាចូលដេកក្នុងមុងរបស់អញ អញនឹងកាប់ម្នាក់នោះ ។ លុះក្រោយមក មកដល់វេលាម៉ោង២២និង១៥នាទី ស្រាប់តែជនរងគ្រោះមានទំនាស់ពាក្យសម្ដីជាមួយក្រុមជនសង្ស័យ រហូតក្រុមជនសង្ស័យនាំគ្នាព្រួតវាយជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ បន្ទាប់ពីវាយរួចជនសង្ស័យទាំង៣នាក់ បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះ ត្រូវបានកម្មករដូចគ្នាដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ករណីនេះ កម្លាំងនគរបាលជំនាញស្រុក និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលវិហារលួង កំពុងកសាងសំណុំរឿង ដើម្បីស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ យកមកផ្ដន្ទាទោសតាមច្បាប់ ៕ដោយ៖ស្អាង ជ័យ