ពិភពលោក៖ ការឆ្លងរាលដាលកូវីដ-១៩នៅលើពិភពលោកមិនទាន់មានសញ្ញាថយចុះនៅឡើយទេ គឺបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គិតមកដល់ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅលើពិភពលោកមាន៧ .៧៣១.៦៧៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៣.៩២៥ .២៧៣នាក់ និងស្លាប់ ៤២៨. ២១០នាក់។
អ្នកឆ្លងកើនឡើងយ៉ាងច្រើន ដោយសារបណ្ដាប្រទេសជាច្រើន បើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ និងការធ្វើបាតុកម្មប្រឆាំងនឹងការរើងអើងជាតិសាសន៍ នៅអាមេរិក និងតំបន់អឺរ៉ុប ក្រោយការស្លាប់របស់ George Floyd ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេបំផុតនៅលើពិភពលោក។ ប្រទេសមហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោកមួយនេះ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ២. ១១៦.៩២២នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៨៤១.៩៣៤នាក់ និងស្លាប់ ១១៦.៨២៥នាក់។
ប្រេស៊ីល ជាប្រទេសមានអ្នកឆ្លងលំដាប់លេខ២ បន្ទាប់ពីអាមេរិក ដោយមានអ្នកឆ្លងបន្ដកើនឡើងដល់ ៨២៩.៩០២នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៣៩៦.៦៩២នាក់ និងមានអ្នកស្លាប់ ៤១.៩០១នាក់។
ជាមួយគ្នានេះដែរ រុស្ស៊ីជាប្រទេសមហាអំណាចយោធាលំដាប់លេខ២របស់ពិភពលោក មានអ្នកឆ្លងកូវីដ-១៩ច្រើនលំដាប់លេខ៣ ដោយមានអ្នកឆ្លងបន្ដកើនឡើងដល់ ៥១១.៤២៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២៦៩ .៣៧០នាក់ និងស្លាប់ ៦ .៧១៥នាក់។
នៅលើពិភពលោក តំបន់ដែលមានអ្នកស្លាប់ និងឆ្លងកូវីដ-១៩ច្រើនជាងគេ គឺតំបន់អាមេរិកខាងជើង និងខាងត្បូង, តំបន់អឺរ៉ុប និងតំបន់សមុទ្រមេឌីទែរ៉ាណេ៕ដោយ៖ធី រីណា