ព័ត៌មានទាន់ហេតុការណ៍៖

សត្វស្វាកន្ទុយសត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ព្រានព្រៃបរបាញ់សត្វ បានប្រទះនឹងសត្វស្វាកន្ទុយសដែលជាសត្វកម្រជិតផុតពូជ ក៏បាញ់ប្រហារធ្វើឲ្យសត្វស្វាកន្ទុយសស្លាប់ភ្លាមៗ ប៉ុន្តែអ្នកបរបាញ់ត្រូវជាប់ខ្នោះដៃរបស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត រួចហើយប្រគល់ជូនមន្ត្រីបរិស្ថានចាត់ការតាមច្បាប់។ បច្ចុប្បន្នមន្ត្រីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅតុលាការខេត្តនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ។ ករណីខាងលើនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភ្នំក្រឡាពស់ ក្នុងភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោយពីបានទទួលបានព័ត៌មាននេះភ្លាម លោកបានបញ្ជាកម្លាំងកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះឃាត់ខ្លួនជនដៃដល់ដែលបានបាញ់សម្លាប់សត្វស្វាកន្ទុយសរួមនឹងអាវុធកែច្នៃ១ដើមផងដែរ ហើយក៍បានធ្វើការប្រគល់ជូនមន្ត្រីជំនាញបរិស្ថានខេត្តចាត់ការបន្តតាមច្បាប់។

ជុំវិញរឿងនេះលោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងដែរថា: បញ្ហាសត្វស្វាកន្ទុយសដែលជាសត្វកម្រ មន្ត្រីឧទ្យានុរក្សកំពុងថែរក្សានិងអភិរក្ស។ លោកបញ្ជាក់ទៀតថា: នៅក្នុងប្រទេសកម្ពុជាយើង មានសត្វស្វាកន្ទុយសប្រមាណជាង២ម៉ឺនក្បាល ដែលកំពុងមានវត្តនៅភាគខាងកើត និងខាងជើងទន្លេមេគង្គ ពោលគឺមាននៅខេត្តខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តព្រះវិហារ.ហើយខេត្តមណ្ឌលគិរី ជាខេត្តដែលសំបូរសត្វស្វាកន្ទុយសច្រើនជាងគេ ពិសេសក្នុងដែនជម្រកសត្វព្រៃកែវសីមា។

សមត្ថកិច្ចបញ្ជាក់ដែរថា ជនសង្ស័យដែលធ្វើសកម្មភាពបាញ់ប្រហារសម្លាប់សត្វស្វាកន្ទុយសខាងលើនេះ មានឈ្មោះណាំ យ៉ុន អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ក្រោយពីធ្វើសកម្មភាពបាញ់សម្លាប់សត្វស្វាកន្ទុយសរួចមក សមត្ថកិច្ចបានដកហូតសត្វស្វា (ប្រភេទស្វាកន្ទុយស) ចំនួន១ក្បាល និងអាវុធកែច្នៃ១ដើមប្រភេទ (កាំភ្លើងខ្យល់)។

បច្ចុប្បន្នមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត បានធ្វើការបញ្ជូនខ្លួនជនដៃដល់ រួមនឹងវត្ថុតាងកាំភ្លើងកែច្នៃ១ដើម ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី១៣ខែមិថុនានេះ។ ចំណែកសាកសពសត្វស្វាកន្ទុយសខាងលើ ត្រូវបានមន្ត្រីជំនាញយកទៅដុតរំលាយចោលរួចហើយដែរ ហើយក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់ប្រកបរបរ បរបាញ់សត្វព្រៃមកបរិភោគទៀតទៅ គឺវាខុសនឹងច្បាប់ដែលបានហាមឃាត់ និងមានទោសដូចករណីខាងលើនេះ។ ចូរជួយថែរក្សា និងអភិរក្សទាំងអស់គ្នា ដើម្បីជាប្រយោជន៍សង្គមជាតិរបស់យើង៕

ដោយ៖មាស សុផាត


ចែករំលែក៖