ព័ត៌មានទាន់ហេតុការណ៍៖

ក្រោកពីដេកឃើញឆ្កែងាប់២ក្បាល បាត់ ៨ក្បាលទៀតដោយគ្មានមូលហេតុ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្ដីរាយការណ៍កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះថា នៅផ្ទះរបស់ឈ្មោះ នួន ទូច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធនិងកូនប្រុសស្រីចំនួន ៤នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិដំបូល១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីដាក់ថ្នាំបំពុលសត្វឆ្កែធ្វើឱ្យងាប់អស់២ក្បាល និងបាត់អស់ចំនួន ៨ក្បាលទៀត  ហើយឃើញសាច់ជ្រូកសង្ស័យមានលាយថ្នាំពុលនៅរាយប៉ាយផ្នែកខាងក្រោយផ្ទះ ដែលករណីនេះគ្មានតម្រុយអំពីមូលហេតុឡើយ។

  សេចក្ដីរាយការណ៍ខាងលើបន្តថា ខណៈនេះម្ចាស់ផ្ទះកើតហេតុ និងអ្នកភូមិផងរបងជាមួយ កំពុងដើរស្វែងរកសត្វឆ្កែដែលបានបាត់។ ម្ចាស់ផ្ទះកើតហេតុ(នួន ទូច និងប្រពន្ធ)បានរៀបរាប់ប្រាប់អ្នកក្បែរខាងគ្នាថា គាត់គ្មានទំនាស់ជាមួយអ្នកភូមិឬអ្នករស់នៅក្បែរខាងគ្នាទេ ហេតុអ្វីគេធ្វើបែបនេះតើក្នុងបំណងអ្វីទៅ ? ប៉ុន្តែពុំមានបាត់បង់អ្វីក្រៅពីសត្វឆ្កែងាប់២ក្បាល និងបាត់៨ក្បាលនេះនោះទេ ។

 សេចក្ដីរាយការណ៍ដដែលបន្តទៀតថា ករណីដាក់ថ្នាំបំពុលសត្វឆ្កែងាប់ចំនួន ២ក្បាល និងបាត់អស់ចំនួន ៨ក្បាលនេះ គេពុំទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យឬធ្វើកោសល្យវិច័យនៅឡើយទេ បើទោះជាម្ចាស់ផ្ទះគាត់បានផ្ដល់ព័ត៌មានទៅហើយក្ដី ។

 ប្រភពព័ត៌មានបញ្ជាក់បន្ថែមទៀតថា កាលពីប៉ុន្មានខែមុនម្ចាស់ផ្ទះឈ្មោះ នួន ទូច នេះ ត្រូវបានឪពុកក្មេកកាប់ក្បាលនឹងពូថៅបណ្ដាលឲ្យរងរបួសធ្ងន់ នៅគ្រាដែលជនរងគ្រោះ(នួន ទូច)កំពុងដេកថ្ងៃក្នុងអង្រឹងនៅក្រោមផ្ទះ។ ដូច្នេះករណីខាងលើនេះគេរង់ចាំលទ្ធផលលម្អិតក្រោយសមត្ថកិច្ចចុះពិនិត្យ និងស្រាវជ្រាវ  ៕ ដោយ៖បុឹម ពិន


ចែករំលែក៖