ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធមិនឲ្យដេកជាមួយ ប្តីល្មោភកាមដុតផ្ទះចោលខ្ទេច

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ព្រោះតែផឹកទឹកប្តូរនិស្ស័យទើបប្រពន្ធពុំព្រមឱ្យដេកជាមួយ ធ្វើឱ្យប្តីប្រមឹករូបនេះខឹងក៏ដុតផ្ទះកម្ទេចចោលតែម្តង។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០៖៣០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០

នៅក្នុងភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងនេះ បង្កឡើងដោយបរុសជាប្តីឈ្មោះឡត  តាន់  អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុបុរសខាងលើស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំពេលមកដល់ផ្ទះក៏ចូលទៅដេកជាមួយប្រពន្ធ តែប្រពន្ធដេញមិនឱ្យដេកក្បែរទេព្រោះតែស្រវឹងធុំក្លិនស្រាទ្រាំមិនបាន បែរជាប្តីរូបនេះខឹងហើយព្រោះតែផឹកទឹកប្តូរនិស្ស័យស្រវឹងខ្លាំងក៏យកភ្លើងទៅដុតផ្ទះរបស់ខ្លួនចោលទាំងយប់ ផ្អើលអស់អ្នកជិតខាងរត់មកមើល។

បើតាមនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេកុង បានឲ្យដឹងថា ផ្ទះរងការឆាបឆេះខាងលើមានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស្បូវ បាំងឫស្សី ក្រាលរនាបឫស្សី បានឆេះអស់ទាំងស្រុង។  មូលហេតុមកពីផឹកស្រាស្រវឹង ខឹងប្រពន្ធមិនឱ្យដេកជាមួយ ទើបយកដែកកេះមកកេះដុតផ្ទះបណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅអស់គ្មានសល់។ 

ក្រោយកើតហេតុសមត្ថកិច្ចមិនអាចជួយសង្គ្រោះបានទេព្រោះល្បឿននៃការឆេះលឿនពេក ដោយសារផ្ទះនោះធ្វើអំពីឈើ និងឫស្សី ហើយម្យ៉ាងទៀតនគរបាលប៉ុស្តិ៍នៅឆ្ងាយពីកន្លែងកើតហេតុ តែហេតុការណ៍នេះមិនបណ្តាលឲ្យរងគ្រោះដល់ប្រពន្ធនិងកូនឡើយ។ 

ក្រោយធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោលហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏សម្រេច ឃាត់ខ្លួនជនបង្កជាម្ចាស់ផ្ទះតែម្តង ព្រោះជននេះមានចេតនាបំផ្លាញទ្រព្យសម្បត្តិខ្លួនឯង៕ មាស សុផាត


ចែករំលែក៖