ភ្នំពេញ៖ លោក សៅ សុភាព ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយក្រុមការងារបេសកកម្មធនាគារពិភពលោក ស្ដីពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»។ កិច្ចប្រជុំនេះធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
សូមបញ្ជាក់ថា៖ លោក សៅ សុភាព រដ្ឋលេខាធិការ បានដឹកនាំកិច្ច ប្រជុំតាមប្រព័ន្ធអនឡាញជាមួយក្រុមការងារបេសកកម្មធនាគារពិភពលោក ស្ដីពីការពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តសមាសភាគ ទេសចរណ៍ធម្មជាតិ ក្រោមក្របខណ្ឌនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីលោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន លោកអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច តំណាងក្រសួងទេសចរណ៍ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារធនាគារពិភពលោក និងក្រុមការងារអនុវត្តគម្រោងនៃក្រសួងបរិស្ថាន សរុប ២២នាក់។ កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើ ១)សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពី ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ២)និតិវិធីនៃការរៀបចំកិច្ចសន្យាសម្រាប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច ៣)ការរៀបចំលក្ខខណ្ឌការងារផ្សេងៗ (ToR) សម្រាប់ទីប្រឹក្សា និងក្រុមហ៊ុនទីប្រឹក្សាផ្នែកទេសចរណ៍ធម្មជាតិ ៤)ការទំនាក់ទំនងក្នុងផ្នែកទេសចរណ៍ធម្មជាតិជាមួយវិស័យឯកជន។ ជាលទ្ធផលកិច្ចប្រជុំបានឯកភាពលើចំណុចមួយចំនួនដូចជាៈ ១.ក្រសួងបរិស្ថាននឹងផ្ញើជូននូវលក្ខខណ្ឌការងារនៃការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាផ្នែកសហគមន៍អេកូទេសចរណ៍ (CBETs) សេចក្ដីព្រាងគោលការណ៍ និងប្រកាសស្ដីពី គម្រោងទេសចរណ៍ធម្មជាតិខ្នាតតូច (EIPs) ផែនការសកម្មភាពស្ដីពី ការសាកល្បងនៃគម្រោងវិនិយោគអាទិភាពសហគមន៍អេកូទេសចរណ៍ ដល់ធនាគារពិភពលោកពិនិត្យ និងផ្ដល់យោបល់ក្រោយពីរៀបចំសេចក្ដីព្រាងរួចរាល់ ២.រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យលម្អិតលើសេចក្ដីព្រាងគោលការណ៍ និងប្រកាសស្ដីពី គម្រោងវិនិយោគទេសចរណ៍ខ្នាតតូច និងសហគមន៍អេកូទេសចរណ៍ ៣.ពិនិត្យឡើងវិញលើលក្ខខណ្ឌការងាររបស់ទីប្រឹក្សាផ្នែកច្បាប់ ៤.ផែនការនៃការទំនាក់ទំនងជាមួយវិស័យ ឯកជននៅក្នុងដែនជម្រកសត្វព្រៃភ្នំក្រវ៉ាញ និង៥.បន្តតាមដានជាមួយធនាគារពិភពលោក និងក្រសួងទេសចរណ៍ លើផែនការសេវាកម្មអភិវឌ្ឍន៍មុខជំនួញ (BDS) ដើម្បីរៀបចំលក្ខខណ្ឌការងារសម្រាប់ទីប្រឹក្សាជួយគាំទ្រការងារនេះ៕ដោយ៖សិលា