ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យជាចោរម្នាក់និងជួញដូរសារធាតុញៀនពីរនាក់បញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យចំនួន​៣នាក់ត្រូវបានកម្លាំងអធិការ​ដ្ឋាន​នគរបាលក្រុង​បានលុង​ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ក្នុងនោះមានម្នាក់ជាប់សង្ស័យពីបទលួច​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​និង២នាក់ទៀតជាប់សង្ស័យពីបទជួញដូរ​សារ​ធាតុ​ញៀន​។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃ​ទី​ ១៣​ ខែមិថុនា​ ឆ្នាំ២០២០ ក្រោយពីទទួល​បានពាក្យ​បណ្តឹងប្រជាពលរដ្ឋ​អំពី​ករណី​លួច​កាលពីយប់ថ្ងៃទី​ ១២​ ខែមិថុនា​ ឆ្នាំ​២០២០ ក្រោមការដឹកនាំ​បញ្ជាផ្ទាល់ពី​ លោកវរសេនីយ៍​ឯក​ហួត បូរី​ អធិការ​នគរបាលក្រុង​ និង​ដឹកនាំសម្របសម្រួលនីតិវិធីដោយលោករ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត​។

តាមរយៈការស្រាវជ្រាវយ៉ាងម៉ត់ចត់ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់​ អំពីករណី​លួច​គ្រឿង​បន្លាស់​ទូរសព្ទ​ដៃ​។

ក្រោយមកទើបបន្ត​ទៅឃាត់ខ្លួនជនសង្ស័យ​ចំនួន​២នាក់​ទៀត​ជាប់ពាក់​ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ នៅត្រង់ចំណុចក្រោយ​វត្ត​ភ្នំ​ស្វាយ​ ភូមិភ្នំ​ស្វាយ​ សង្កាត់បឹង​កន្សែង​ ក្រុងបានលុង ខេត្តរតនគិរី ។

ជនសង្ស័យដែលឃាត់ខ្លួនបាននោះទី១. ឈ្មោះ ស៊ុន វ៉ូវ​ (ហៅ តឿ) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ​, ទី២. ឈ្មោះ​ ហ្វុុត​ ប៊ុន​វី​ (ហៅ​ វី​) ភេទ ប្រុស អាយុ៣៣​ឆ្នាំ ជនជាតិខ្មែរ​ និងទី៣. ឈ្មោះ គង់ ចន្ទរតនា (ហៅ​ រត្ន័)​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ។

ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចដកហូតបានវត្ថុ​តាងរួមមាន​៖​

ករណី​លួច៖​ គ្រឿង​បន្លាស់​ទូរស័ព្ទ​​មួយ​ចំនួន​(​SimCard, Powerbank, ដុំសាក​ទូរស័ព្ទ​..​.)​ ។

ករណីគ្រឿងញៀន៖ មានម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​សារធាតុ​ញៀន​ចំនួន ២​ កញ្ចប់ធំ​ និង​៣​កញ្ចប់​តូច​ និងសម្ភារសេពគ្រឿ​ងញៀន​មួយ​ចំនួន​ទៀត​ផងដែរ ។

ជនសង្ស័យទាំង​៣​នាក់​ខាងលេី​ និង​វត្ថុ​តាង​ត្រូវ​បានក​ម្លាំងនគរបាលក្រុងបានលុង​ឃាត់​ខ្លួន​និងរក្សាទុកបណ្ដោះ​អាសន្ន​នៅអធិការ​ដ្ឋាន​នគរបាល​ក្រុង​បានលុង​ ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់ការតាមនីតិវិធីបន្ត៕ ដោយ៖​ ជីវ័ន្ត


ចែករំលែក៖