ភ្នំពេញ ៖ ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានហេតុការណ៍ពុលស្រាថ្នាំចិនសែតាំងគួយ (លើសំបកដបស្រា មានសរសេរអក្សរដាក់ថា ប៉ូវកម្លាំង សម្រួលសរសៃ និងក្រពះ) បានកើតឡើងនៅក្នុងភូមិចំនួន ០៩ភូមិ នៅក្នុងក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃនៃខេត្តបន្ទាយមានជ័យ ដែលមានអ្នកពុលស្រាថ្នាំនេះ សរុបចំនួន ៤៤នាក់ (ក្នុងនោះ មានស្ត្រីចំនួន០៣នាក់និងស្លាប់បុរសចំនួន ០៧នាក់)។
ហេតុការណ៍ពុលស្រានេះកើតមានឡើងនៅតាមទីតាំងជាច្រើនកន្លែង មានដូចខាងក្រោម ៖
១) នៅភូមិអូរសំព័រឃុំអូរសំព័រស្រុកម៉ាឡៃចំនួន ០២នាក់ ជាកម្មករសំណង់ (ឪពុក និងកូនប្រសារ តែឪពុកបានស្លាប់)។
២). ពិសារស្រានៅភូមិបន្ទាយទី១ (ខ្លាងាប់) ឃុំទួលពង្រ ស្រុកម៉ាឡៃ តែជាអ្នករស់នៅភូមិភ្នំរូង ឃុំបឹងបេង នៃស្រុកម៉ាឡៃ ចំនួន០៥នាក់ (បុរសអ្នកបើកឡានដឹកដី ០១នាក់ (ស្លាប់) បុរសអ្នកបើកម៉ៃខូង (អេស្កាវ៉ាទ័រសម្រាប់កាយដី) ០១នាក់ និងបុរសកម្មករ០៣នាក់) ។
៣). នៅភូមិអូរស្នំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ចំនួន ០៥នាក់ (បុរសជាងផ្សារដែកចំនួន ០៣នាក់ (០១នាក់ ស្លាប់) មានទីលំនៅ ឃុំចំណោម ស្រុកមង្គលបូរី កម្មករសំណងចំនួន ០១នាក់ និងបុរសនៅផ្ទះចំនួន ០១នាក់) ។
៤). បុរសកម្មករសំណង់ ចំនួន ០៥នាក់ (ស្លាប់ ០១នាក់) ពិសារស្រានៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត តែពួកគាត់ជាអ្នករស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី
៥). ពិសារស្រានៅភូមិសាមគ្គីមានជ័យ ក្រុមហ៊ុនសំណង់មួយ (នៅដើមស្រល់) សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំនួន ០៥នាក់ ជាបុរសកម្មករសំណង់ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល (ស្លាប់ ០១នាក់) ។
៦). ក្រុមពិសារស្រាកំដរបុណ្យសពម្តាយក្មេក នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានចំនួន ១៤នាក់ (ស្រី០៣នាក់ និងបុរសស្លាប់ ០១នាក់ ជាកូនប្រសារសពខាងលើ) ។
៧). ពិសារស្រានៅភូមិព្រៃគប់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ០២នាក់ (ស្លាប់ ០១នាក់ ជាបុរសកម្មករគ្មានផ្ទះសម្បែង) និងសង្គ្រោះបន្ទាន់ដោយលាងឈាម នៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន ០១នាក់ ។
៨). ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានចំនួន ០៣នាក់ (បុរស) និង
៩. នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាលចំនួន ០២នាក់ (បុរសជាកម្មករ)។
គិតត្រឹមម៉ោង១៣:៣០នាទី នៃថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកជំងឺដែលនៅសល់កំពុងសម្រាកពេទ្យសរុបមានចំនួន ១៥នាក់ (មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី មានចំនួន ០៩នាក់ មន្ទីរពេទ្យប៉ោយប៉ែតមានចំនួន ០៥នាក់ និងមន្ទីរពេទ្យខេត្តសៀមរាបមានចំនួន ០១នាក់) ក្រៅពីនោះ ពួកគាត់បានទទួលការព្យាបាលបានធូរស្បើយ ហើយបានចេញពីមន្ទីរពេទ្យវិលត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនរួចហើយដែរ។
លទ្ធផលវិភាគសំណាកស្រា ដែលទទួលបានពីមជ្ឈមណ្ឌលជាតិពិសោធន៍នៃក្រសួងសុខាភិបាលនៅថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២០ មានដូចខាងក្រោមនេះ ៖
-សំណាកដែលបានយកនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានកម្រិតមេតាណុល ១៣,៥%
សំណាកដែលបានយកនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ មានកម្រិតមេតាណុល ១៤,៩% និង
សំណាកដែលបានយកនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ មានកម្រិតមេតាណុលរហូតដល់ ១៥,១%។
រោគសញ្ញា ដែលកើតមាននៅពេលដែលអ្នកពុលស្រាខាងលើនេះ បានចូលមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យម៉ាឡៃ និងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ មានអ្នកខ្លះមានអាការរៈ ក្អួត ចុកដើមទ្រូង និងស្រវាំងភ្នែក និងអ្នកខ្លះទៀត មានអាការៈធ្ងន់ធ្ងរ
ដោយមានស្ថានភាពសន្លប់ និងរីកប្រស្រីភ្នែក ដែលជាទូទៅរោគសញ្ញានៃការពុលស្រានេះ គឺមានអាការៈឈឺក្បាល អស់កម្លាំង វិលមុខ ក្អួត ស្រវាំងភ្នែក និងពិបាកដកដង្ហើម។
បញ្ហាពុលស្រាខាងលេីនេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ចេញនូវគោលការណ៍ណែនាំតាមលិខិតលេខ ១១៧ សុខល ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ជូនលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ធ្វើការណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងអនុវត្ត និងបានផ្សព្វផ្សាយរួចហើយដែរ។
ជាការក្រើនរំលឹក ដើម្បីសុខភាពបងប្អូនប្រជាពលរដ្ឋ ចៀសផុតពីការពុលស្រាស ឬស្រាថ្នាំ ដែលផលិតមិនត្រឹមត្រូវនេះ លោករដ្ឋមន្ត្រីអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល
ដូចខាងក្រោម ៖
១. មិនត្រូវទិញ និងបរិភោគស្រាស ឬស្រាថ្នាំ ដែលផលិត ឬបិត ដោយមិនមានប្រភពច្បាស់លាស់ មិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាដាច់ខាត ជាពិសេសស្រាដែលយកមេតាណុលមកលាយ ត្រូវហាមឃាត់ដាច់ខាត។
២. ត្រូវបញ្ឈប់ជាដាច់ខាត នូវការលក់ដូរស្រាស ឬស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំ ដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
៣. បើមានបញ្ហាសុខភាពដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ជាដើម សូមស្វែងរកការពិគ្រោះពិនិត្យ និងព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាព ឬទៅមន្ទីពេទ្យដែលនៅជិតលោកអ្នកជាទីបំផុត។
៤. ចៀសវាងការពុលចំណីអាហារ ដោយអនុវត្តអនាម័យល្អ រស់នៅស្អាត ជាពិសេសអនុវត្តន៍គោលការណ៍ អនាម័យចំណីអាហារស្អាត ដោយឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ នៅមុនពេល និងក្រោយពេលចម្អិនម្ហូបអាហារ និងក្រោយពេលបន្ទោរបង់ សម្អាតបន្លែ
ផ្លែឈើ ត្រីសាច់ និងសម្ភារៈប្រើប្រាស់ ឲ្យបានស្អាតត្រឹមត្រូវបរិភោគទឹកស្អាត ឬទឹកដាំពុះល្អ ពិសារអាហារដែលឆ្អិនល្អត្រឹមត្រូវ និងកុំពិសារសាច់សត្វស្លាប់ ឬសាច់ឆៅចម្អិនមិនល្អទុកដាក់ម្ហូបអាហារនៅដាច់ដោយឡែកពីគ្នាកុំឲ្យច្របូកច្របល់ និងកុំរក្សាម្ហូបទុកយូរពេកនាំឲ្យផ្លូម ឬអាចមានមេរោគ។
បើរក្សាទុកម្ហូប ត្រូវរក្សាទុកក្នុងសីតុណ្ហភាព បើត្រជាក់នៅក្រោម ០៥អង្សាសេ និងបើក្តៅ ត្រូវលើសពី ៦០អង្សាសេ ។
– ចៀសវាងការពិសារប្រៃពេក ផ្អែមពេក និងខ្លាញ់ពេក ដើម្បីសុខភាពផ្ទាល់ខ្លួនមិនត្រូវបង្ហូរ ឬចោលកាកសំណល់ ឬសារធាតុគីមី ចូលក្នុងបឹង ទន្លេ ឬព្រែក ដែលជាប្រភពទឹកសម្រាប់ប្រជាជនប្រើប្រាស់ ដែលនាំឲ្យពុលនោះឡើយ ៕សហការី