ព័ត៌មានទាន់ហេតុការណ៍៖

លោក រស់ វាសនា អំពាវនាវ ដល់បងប្អូនអាជីវករលក់ដូរ ហាមដាក់តាំងទំនិញលក់ដូរនៅលើចិញ្ចើមផ្លូវ និងចំណីផ្លូវសាធារណៈ ដែលគ្មានរបៀបរៀបរយ ខូចសណ្តាប់ ធ្នាប់ និងនាំឱ្យកកស្ទះចរាចរណ៍ បាត់បង់សោភ័ណភាពទីក្រុង និងគ្មានអនាម័យ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក រស់ វាសនា អភិបាលរងក្រុងតំណាងលោក ណុបចំរើន អភិបាលក្រុងស្វាយរៀងបានធ្វើការអំពាវនាវ ដល់បងប្អូនអាជីវករលក់ដូរ ហាមដាក់តាំងទំនិញលក់ដូរនៅលើចិញ្ចើមផ្លូវ និងចំណីផ្លូវសាធារណៈ ដែលគ្មានរបៀបរៀបរយ ខូចសណ្តាប់ ធ្នាប់ និងនាំឱ្យកកស្ទះចរាចរណ៍ បាត់បង់សោភ័ណភាពទីក្រុង និងគ្មានអនាម័យធ្វើឱ្យប្រជាពលរដ្ឋ មជ្ឈដ្ឋានជិតឆ្ងាយ មានការរអ៊ូរទាំ និងនាំឱ្យបាត់បង់សីលធម៌ អាប់ឱនកិត្តិយស និងគ្មានភាពទទួលខុសត្រូវ។

ការអំពាវនាវបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០២៥ខណៈដែល លោក រស់ វាសនា អភិបាលរងក្រុងស្វាយរៀង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុង សហការជាមួយភាស៊ីផ្សារ រៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារវាលយន្ដ និងខាងមុខហង្ស ដើម្បីបាញ់គំនូសកំណត់ការដាក់តាំងទំនិញលក់ឱ្យមានរបៀបរៀបរយតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀង។

លោកបានបន្តថា រដ្ឋបាលក្រុងស្វាយរៀង បានចេញលិខិតជូនដំណឹងដល់សាធារណៈ បងប្អូនប្រជាពលរដ្ឋ និង អាជីវករលក់ដូរនៅបរិវេណជុំវិញផ្សារវាលយន្ត តាមដងផ្លូវ ទីសាធារណៈ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយផ្លូវនានាទូទាំងក្រុងស្វាយរៀងទាំងមូល មេត្តាជ្រាបថា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយល្អ រដ្ឋបាលក្រុងស្វាយរៀង សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវអនុវត្ត ដូចខាងក្រោម៖ហាមសាងសង់សំណង់គ្រប់ប្រភេទនៅលើដីចំណីផ្លូវ ហាមធ្វើជញ្ជាំងឈ្លប ដែលមានដាក់ទ្វាររួតលើចិញ្ចើម ផ្លូវ និងចំណីផ្លូវ ជាដីសាធារណៈរបស់រដ្ឋ ប្រសិនបើមានកំពុងសាងសង់ រឺសង់រួចហើយ ត្រូវរុះរើចេញ និងរៀបចំឱ្យបាន ត្រឹមត្រូវតាមការកំណត់។

ហាមចាក់សាប ឬរៀបឥដ្ឋការ៉ូឡាមុខផ្ទះ បិទមាត់លូ រឺរីហ្គា ឬបង្រួមមុខរីហ្គាលូរបស់រដ្ឋ ដែលអាចបង្កឱ្យ មានការស្ទះផ្លូវទឹក នៅពេលមានភ្លៀង បណ្តាលឱ្យហូរពុំទាន់ ឬករណីផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

លោកបន្តថាក្នុងនាម រដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ក្នុងការរៀបចំទីកន្លែងលក់ដូរ និងរុះរើនូវ ដំបូលសំយ៉ាប ជញ្ជាំងឈ្លប ដែលមានដាក់ទ្វាររួត ការចាក់សាបបិទមាត់រឺហ្គាលូ និងការដាក់តាំងទំនិញលក់ដូរ នៅលើចិញ្ចើមផ្លូវ ចេញពីចំណីផ្លូវ ជាដីសាធារណៈរបស់រដ្ឋជាកំហិត។

ក្នុងករណី លោក លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងស្វាយរៀង និងចាត់ វិធានការរដ្ឋបាល ដោយប្រើកម្លាំងសមត្ថកិច្ច ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នឹងចុះរុះរើយកសម្ភារៈ និងទំនិញផ្សេងៗចេញ ពីទីតាំងដែលបានហាមឃាត់ខាងលើ និងមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់ណាមួយឡើយ ៕

ដោយ៖ សុថាន


ចែករំលែក៖