ខេត្តស្វាយរៀង៖ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤កន្លងទៅនេះ បានទទួលភ្ញៀវជាតិ និងអន្តរជាតធ្វើដំណើរឆ្លងកាត់ចេញ ចូលមកកម្ពុជា សរុប១,៥៧៨៦៩៩នាក់ មាន១៧២ សញ្ជាតិ បើប្រៀបធៀបទៅនិងរយៈពេល១២ខែឆ្នាំ២០២៣ មានការកើនឡើង ចំនួន២៦៣១៦០នាក់ ស្មើនិង១៩.០១ % ក្នុងនោះមានភ្ញៀវបរទេសចូលមកកម្ពុជាកើនឡើងចំនួន១៨៧ ៦៨៧នាក់ មាន១៧២សញ្ជាតិ ស្មើនិង១៦.០៦% ។
បើតាមលោក ពុធ សុភាកែវ មន្ត្រីជំនួយការប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះថា ទន្ទឹមនិងភ្ញៀវបរទេស និងភ្ញៀវខ្មែរវិលត្រឡប់ចូលមកកម្ពុជា បន្ទាប់ពីបំពេញកិច្ចការអន្តរជាតិ ពិភាក្សាផ្លាស់ប្តូរ ទំនិញ និងសម្រាក់លំហែកាយ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៤នេះដែរ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការសម្របសម្រួលជូនភ្ញៀវចេញ សរុប ១,៥២៥១៤៣នាក់ មាន១៦៨សញ្ជាតិ បើប្រៀបធៀបទៅនិងរយៈពេល១២ខែ ឆ្នាំ២០២៣ មានការកើនឡើង ចំនួន ២០៨៦០៤នាក់ នាក់ ១៥.៨៤% ក្នុងនោះភ្ញៀវបរទេសចេញចំនួន ១,៣០១២៩០នាក់មាន១៦៧សញ្ជាតិ។
លោកបានបញ្ជាក់ថា កត្តាដែលភ្ញៀងបរទេស បានចូលមកកម្ពុជាច្រើន នៅក្នុងរយះពេល១២ខែ ឆ្នាំ២០២៤នេះ បើតាមការសន្និដ្ឋានរបស់មន្ត្រីច្រក គឺភ្ញៀវមានទំនប់ចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល បង្កអោយមាន សន្តិសុខល្អ ពិសេសរាជរដ្ឋាភិបាល បានធ្វើការបញ្ជៀសនិងទប់ស្កាត់ជំងឺគ្រប់ប្រភេទឆ្លងចូលសហគមន៏ និងពលរដ្ឋ ។
បន្ថែមលើសពីនេះ បើតាមមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានឲ្យដឹងថា សម្រាប់ភ្ញៀវអឺរ៉ុបក៏មានចំនួនច្រើនដែរ ដែលធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនមួយនេះ ដោយពួកគេបានធ្វើដំណើរទៅស្នាក់នៅរាជធានីភ្នំពេញ និងបន្តទៅលេងទស្សនាប្រាងប្រាសាទអង្គរវត្តនៅខេត្តសៀមរាប និងតំបន់ទេសចរមួយចំនួនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖ សុថាន