ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ កម្ពុជាមានមោទនភាព ដែលរក្សាបាននូវសុខសន្តិភាពរយៈពេលយូរពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ សុខសន្តិភាព គឺជាគ្រឹះដ៏សំខាន់បំផុត ក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ ប្រសិនបើមិនមានសុខសន្តិភាពនោះទេ ប្រជាពលរដ្ឋកម្ពុជាគឺពុំអាចរស់នៅក្នុងសេចក្តីសុខ ជួបជុំគ្រួសារ និងរីកចម្រើនជឿនលឿន ដូចពេលបច្ចុប្បន្ននេះទេ។ មហាព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២៤-២០២៥ កន្លងទៅថ្មីៗនេះ អាចធ្វើជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងភាពសុខក្សេមក្សាន្ត សេចក្តីសង្ឃឹម ស្នាមញញឹម និងសុភមង្គល ហើយមានឱកាសដ៏រីករាយប្រារព្ធពិធីបុណ្យចូលឆ្នាំសកលយ៉ាងអធិកអធម នៅក្រោមដំបូលសុខសន្តិភាពនៅទូទាំងប្រទេសកម្ពុជា។ 

ទិដ្ឋភាពនៃការរៀបចំពិធីឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ដែលទើបកន្លងទៅថ្មីៗនេះគឺនៅគ្រប់ទីកន្លែង ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍បរទេស បានចូលរួមអបអរសាទរ សប្បាយកងរំពងគ្រប់ទិសទីទាំងអស់ ហើយជាពិសេសនៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមជិត២លាននាក់។

សុខសន្តិភាព ត្រូវបានគេមើលឃើញថា ជាកត្តាមួយដែលបានធ្វើឱ្យស្ថានភាពប្រទេសកម្ពុជាយើងផ្លាស់ប្តូរខុសពីអតីតកាលទាំងស្រុង ពោលគឺផ្លាស់ប្តូរពីរត់គេចគ្រាប់ផ្លោង និងការបាញ់កាំភ្លើង ការកាប់សម្លាប់ ដ៏គួរឱ្យព្រឺខ្លាច មកជាការបាញ់កាំជ្រួចលាន់លឺកងរំពឹងពេញផ្ទៃមេឃ ជាពិសេសក្នុងឱកាសឆ្លងឆ្នាំសកលថ្មីកន្លងទៅនេះ។ ក្នុងពេលបច្ចុប្បន្ន ការរៀបចំពិធីបុណ្យផ្សេងៗ គឺតែងតែប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយពោរពេញដោយស្នាមញញឹម ហើយបើយើងក្រឡេកមើលពីអតីតកាលក្នុងរបបប្រល័យពូជសាសន៍ គឺយើងបានផ្លាស់ប្តូរសង្គមជាតិរបស់យើង ពីសម្រែកដោយក្តីឈឺចាប់នៃការកាប់សម្លាប់ ប្តូរមកជាសំឡេងស្បែកហ៊ោកញ្ជ្រៀវអឺងកង ដោយសេចក្តីសប្បាយរីករាយនិងមោទនភាព។ ស្ថានភាពរស់នៅរបស់ប្រជាជនខ្មែរឥឡូវគឺប្តូរខុសឆ្ងាយណាស់ពីមុន គឺនៅពេលត្រូវបានរំដោះចេញពីរបបប៉ុលពត ស្ថានភាពក្រីក្រតោកយ៉ាកលំបាកវេទនាខ្វះខាតគ្រប់សព្វ តែបច្ចុប្បន្នស្ថានភាពពលរដ្ឋប្រែមកជាសម្បូរសប្បាយ ស៊ីវិល័យ និងមានជីវភាពធូរធាជាងមុនឆ្ងាយណាស់។ 

ការដឹកនាំប្រទេសឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ដូចពេលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏មោះមុត ការលះបង់មិនខ្លាចនឿយហត់ និងភាពឈ្លាសវៃដ៏ប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សនយោបាយតែមួយគត់ ដែលបានគ្រប់គ្រងដឹកនាំប្រទេស និងកសាងសមិទ្ធផលជាច្រើនរាប់មិនអស់ជូនជាតិនិងប្រជាជន។ ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន ភាគច្រើនលើសលុប គឺមានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលស្តែងឱ្យឃើញយ៉ាងច្បាស់តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ប្រកបដោយឆន្ទៈ និងពេញចិត្ត នៅគ្រប់សកម្មភាពដែលរាជរដ្ឋាភិបាលបានរៀបចំ ជាពិសេសការចូលរួម ក្នុងព្រឹត្តិការណ៍សប្បាយរីករាយ ក្នុងពិធីបុណ្យទានផ្សេងៗប្រកបដោយស្នាមញញឹម និងមោទនភាពបំផុត។ 

ជាការពិតណាស់ កម្ពុជាអាចធ្វើការអភិវឌ្ឍន៍ឈានទៅមុខបាន ក៏ព្រោះយើងមានសន្តិភាពពេញលេញ ហើយការរស់នៅក្រោមដំបូលសុខសន្តិភាពនេះហើយ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស អាចមានពេលវេលាសប្បាយរីករាយនៅនាថ្ងៃឈប់សម្រាកឬថ្ងៃបុណ្យទាននានា និងធ្វើដំណើរកម្សាន្តទៅតាមតំបន់ទេសចរណ៍ធម្មជាតិ ប្រាសាទបុរាណ និងតំបន់មាត់សមុទ្រជាដើម ដោយសេរីនិងមានសុវត្ថិភាពពេញលេញ។ 

ពីមួយអាណត្តិទៅមួយអាណត្តិ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន មិនបានផ្លាស់ប្តូរគំនិតស្នូលដ៏ធំរបស់ខ្លួនឡើយ គឺរក្សាសន្តិភាពឱ្យបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ព្រោះមានសន្តិភាពទើបមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ។ សន្តិភាពត្រូវបានផ្តល់តម្លៃឱ្យខ្ពស់បំផុតជាងអ្វីទាំងអស់ ព្រោះបើបាត់សន្តិភាពហើយ កុំថាឡើយសិទ្ធិនានា សូម្បីសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិស្នូលដំបូងរបស់មនុស្សក៏មិនអាចការពារបានដែរ។ ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍបែបនេះ នឹងនៅតែបន្តត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងមាគ៌ានយោបាយរបស់គណបក្សប្រជាជន ហើយអ្នកដឹកនាំខ្មែរដែលស្នេហាជាតិពិតប្រាកដ និងប្រឆាំងដាច់ខាតចំពោះអ្នកនយោបាយជ្រុលនិយមមួយចំនួនតូចដែលប៉ុនប៉ងផ្តួលរំលំដោយមិនស្របច្បាប់ ឬចង់បំផ្លិចបំផ្លាញកម្ពុជាតាមគ្រប់រូបភាព។ 

សរុបមកវិញ ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរក្រោមម្លប់សុខសន្តិភាព បានក្លាយជាមោទនភាពជាតិ ដែលមិនអាចឱ្យបាត់បង់ទៅវិញបានឡើយ ហើយដើម្បីរក្សាភាពសុខដុមនេះ តទៅដល់កូនចៅខ្មែរជំនាន់ក្រោយៗទៀត ប្រជាពលរដ្ឋខ្មែរសម័យបច្ចុប្បន្ន ត្រូវតែរួមគ្នាចូលរួមថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលជាប្រភពចម្បងនៃការនាំមកនូវស្នាមញញឹមនិងក្តីសង្ឃឹមរបស់ប្រជាជនខ្មែរតគ្រប់ជំនាន់ ឱ្យស្ថិតស្ថេរគង់វង្សជារៀងរហូតតទៅ៕

ដោយ៖ មាន មេត្តា


ចែករំលែក៖