ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី​អូស្ត្រាលី ការកាត់ទោស​ប្រហារជីវិត​បុរស​អូស្ត្រាលី​ម្នាក់ អាច​បំផ្លាញ​ទំនាក់ទំនង​ការទូត​និង​ពាណិជ្ជកម្ម​កាន់តែខ្លាំង​​រវាង​ក្រុង​ប៉េកាំង​និង​កង់​បេ​រ៉ា​

ចែករំលែក៖

អន្តរជាតិ៖ ក្រោយ​ពីបុរស​អូស្ត្រាលី​ម្នាក់ ត្រូវបាន​តុលាការ​ចិន​កាត់ទោស​ប្រហារជីវិត​លើ​រឿងក្តី​រត់ពន្ធ​គ្រឿងញៀន​។ លោកស្កុ​ត ម៉ូ​រី​សុននាយករដ្ឋមន្ត្រី​អូស្ត្រាលី នៅ​ថ្ងៃទី​១៥ ខែមិថុនា បានបង្ហាញ​ក្តីកង្វល់​របស់ខ្លួន ដោយករណី​នេះ អាច​បញ្ឆេះ​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​ទីក្រុង​ប៉េកាំង និង​ក្រុង​កង់​បេ​រ៉ា។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បាននិយាយថា តុលាការ​ចិន ​កាលពី​ថ្ងៃទី​១៣ ខែមិថុនា លោក Karm Gilesspie ជនជាតិ​អូស្ត្រាលី ត្រូវ​នឹង​កាត់ទោស​ប្រហារជីវិត​លើ​រឿងក្តី​រត់ពន្ធ​គ្រឿងញៀន​។ ការសម្រេច​របស់​តុលាការ បានធ្វើ​ឡើង​ក្រោយ​លោក​ត្រូវបាន​ឃុំឃាំង​ក្នុង​គុក​យ៉ាង​អាថ៌កំបាំង​រយៈពេល​៧​ឆ្នាំ​។​

​ថ្លែង​ក្នុង​សភា​នៅ​ថ្ងៃទី​១៥ ខែមិថុនា លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន បានលើកឡើង​ស្ថានភាព​របស់លោក Gilsepie ជា​លើកដំបូង​។ បើតាម​សារព័ត៌មាន​ក្នុងស្រុក​អូស្ត្រាលី ABC.net.au លោក​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​និង​រដ្ឋាភិបាល មាន​អារម្មណ៍​ក្រៀមក្រំ​បំផុតនិង​បារម្ភ​ពី ជនជាតិ​អូស្ត្រាលី​ម្នាក់ លោក Karm Gilespi ដែល​ត្រូវ​កាត់ទោស​ប្រហារជីវិត​ក្នុងប្រទេស​ចិន​»​។ លោកបន្ថែមទៀតថាការកាត់ទោស​នេះ បង្កើន​ការព្រួយបារម្ភ​ថា អាចដាក់​បន្ទុក​បន្ថែម​លើ​ចំណង​ការទូត និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​កំពុង​តានតឹង​ជាមួយ​ចិនដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អូស្ត្រាលី​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បាន​រាយការណ៍​ថា លោក Gilespie ក្នុង​វ័យ​ពាក់កណ្ដាល​៥០​ឆ្នាំ ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅមុន​ពេល​ចូលឆ្នាំថ្មី២០១៣នៅ​ព្រលានយន្តហោះ Guangzhou Baiyun នៅ​ទិសពាយ័ព្យ​ទីក្រុងហុងកុង ជាមួយ​ថ្នាំញៀន​ប្រភេទ Methamphetamine ជាង​៧,៥​គីឡូម៉ែត្រ​ក្នុង​វ៉ា​លី​លោក​។

​ការចាប់ខ្លួន​របស់ លោក Gilespie ពុំ​ត្រូវបាន​អាជ្ញាធរ​ចិន​ប្រកាស​ជា​សាធារណៈ​នោះ​ឡើង ហើយ​មិត្តភក្តិ​លោក​បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន​អូស្ត្រាលី​ថា ពួកគេ​ភ្ញាក់ផ្អើល​ចំពោះ​ការបាត់​ដំណឹង​ភ្លាមៗ​របស់លោក​។

​សូមជម្រាបថានៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍នេះ ក្រុមគ្រួសារ​រប​ស់បុរ​ស​អូស្ត្រាលីGilespie បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​សាកសួរ​ពាក់ព័ន្ធ​ស្ថានភាព​លោក​បច្ចុប្បន្ន​។ ក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​តាមរយៈ​ក្រសួងការបរទេស ពួកគេ​អះអាង​ដូច្នេះ​ថា​៖«​គ្រួសារ​យើង ពិត​ជាមាន​សេចក្តី​ក្រៀមក្រំ​ជាខ្លាំង​ចំពោះ​ស្ថានការណ៍​នេះ​។ យើង​នឹង​សុំ​មិន​ផ្ដល់យោបល់​ជា​សាធារណៈ ហើយ​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គោរព​ឯកជន​ភាព​យើង​នៅពេល​លំបាក​បែបនេះ​»​។​

​ការកាត់ទោស​ប្រហារជីវិត​នេះ អាច​បំផ្លាញ​ទំនាក់ទំនង​តានតឹង​ទាំង​ការទូត​និង​ពាណិជ្ជកម្ម​កានតែខ្លាំង​ថែមទៀត​រវាង​ក្រុង​ប៉េកាំង​និង​កង់​បេ​រ៉ា​។ភាព​តានតឹង​នេះ​កាន់​តែមាន​ក​ម្ពៅ​ក្រោយ​ចិន​ឆ្លើយតប​ទាំង​កំហឹង​ចំពោះ​សំណើ​អូស្ត្រាលី​ឲ្យ​បើ​ល​ការស៊ើបអង្កេត​រក​ប្រភព​ជំងឺ​រាតត្បាតCOVID-19 ។កាលពី​ថ្មីៗ​នេះ ប៉េកាំង បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​អូស្ត្រាលី និង​ព្រមាន​ភ្ញៀវទេសចរ​ចិន និង​និស្សិត​កុំ​ឲ្យ​ទៅកាន់​ប្រទេស​អូស្ត្រាលី ដោយ​លើ​ហេតុផល​ថា ប្រទេស​នេះ​រើសអើង​ជនជាតិ​អាស៊ី​អំឡុង​វិបត្តិ COVID-19 ។

​គួរបញ្ជាក់ថា កាលពី​ឆ្នាំមុន ចិន​បាន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កាណាដា​២​នាក់​លើ​សំណុំរឿង​ចរាចរណ៍​គ្រឿងញៀន ស្របពេល​ទំនាស់​ការទូត​ដែល​កំពុង​ឆាបឆេះ​ជាមួយ​កាណាដា​ពាក់ព័ន្ធ​ការចាប់​ឃាត់ខ្លួន​មន្ត្រីជាន់ខ្ពស់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei អ្នកស្រីMeng Wanzhou​។ រដ្ឋាភិបាល​កាណាដា​ព្យាយាម​ស្នើសុំ​ការលើកលែងទោស​សម្រាប់​ពលរដ្ឋ​ខ្លួន​ទាំងពីរ​តែ​បរាជ័យ​៕ដោយ៖ស តារា


ចែករំលែក៖