ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទឹកកកដាច់ហ្វ្រាំងបុករះរថយន្ត២គ្រឿងនិងរទេះលក់នំបុ័ង របួសធ្ងន់ម្នាក់បញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកទឹកកកមួយគ្រឿងដាច់ហ្វ្រាំង ក៏ជ្រុលល្បឿនទៅបុករះរថយន្ត២គ្រឿង និងរទេះលក់នំបុ័ងបណ្តាលឱ្យអ្នកលក់នំបុ័ងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ៣១៥ ត្រង់ចំណុច ស្តុបផ្សារមាន់អាំង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់អង្គភាព នគរ ដ្រេហ្គននៃកាសែតនគរវត្ត ថាមុនពេលកើតហេតុគេបានឃើញ បងស្រីម្នាក់អូសរទេះលក់នំបុ័ងយកមកលក់នៅម្តុំផ្សារមាន់អាំង ខណៈពេលជិតមកដល់ចំណុចលក់ ស្រាប់តែមានរថយន្តដឹកទឹកកកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-6096 បើកបរក្នុងល្បឿនលឿន បានបុករទេះលក់នំបុ័ងទាំងកំរោល បណ្តាលឱ្យរបួសធ្ងន់ អ្នកលក់ហើយបញ្ជូនទៅមន្ទីរពេទ្យ រួចរថយន្តក៏ជ្រុលល្បឿនទៅបុករថយន្តពីរគ្រឿងទៀត ដែលបើកបរ បញ្ច្រាស់ទិសគ្នារងការខូចខាតផងដែរ ។ រថយន្តទី១ ម៉ាក ឡិចស៊ីស NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-0015 រងការខូចខាត ទ្វារចំហៀងខាងស្ដាំ ចំណែករថយន្តទី២ ម៉ាក TOYOTA Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-4025 ខូចខាតទ្វារចំហៀងខាងឆ្វេង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុរួចធ្វើការវាស់វែងនិងយករថយន្តនិងរទេះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖រ៉ារ៉ា


ចែករំលែក៖