ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ពលរដ្ឋនៅរាជធានីភ្នំពេញ ឲ្យមានការយោគយល់ពីការ ប្រមូលសំរាមខណៈពេលនេះសាលាក្រុងបានដាក់ឲ្យក្រុមចំនួន៣ដើម្បីធ្វើការ វិនិយោគលើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ជំនួសក្រុមហ៊ុនស៊ិនទ្រីត្រូវបាន បញ្ចប់។
នេះជាការថ្លែងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចូលរួមសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
លោកបានបន្ដបញ្ជាក់ថា៖ ក្នុងរយៈពេលនេះសូមបងប្អូនដែលមានសំរាមសូមចូលរួមជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញក្នុងការបង់ថ្លៃប្រមូលសំរាមនិងយកសំរាមចោលកន្លែងកំណត់តាមពេលកំណត់ផង ដើម្បីងាយស្រួលដល់ភ្នាក់ងារទៅប្រមូលបានទាន់ពេល។
លោក ឃួង ស្រេង បានបន្តថា៖ សាលាក្រុងកំពុងជ្រើសរើសក្រុមហ៊ុន ចំនួន៣ក្រុមហ៊ុនមានបទពិសោធន៍កម្រិតអន្តរជាតិក្នុងការប្រមូលសំរាម ក្នុងប្រតិបត្តិការក្នុងរាជធានីភ្នំពេញ។សំរាមក្នុងរាជធានីភ្នំពេញមានត្រឹមប្រមាណដល់ទៅ៣០០០តោនក្នុង មួយថ្ងៃ ដូច្នេះទាមទារឲ្យមានក្រុមហ៊ុន ចំនួន៣ទើបអាចប្រមូលសំរាមទាន់ពេលវេលា។
លោក ឃួង ស្រេង បានបញ្ជាក់ថាបើតាមអ្នកជំនាញបានបង្ហាញថាក្រុមហ៊ុនតែមួយមិនអាចប្រមូលសំរាមបានទាន់ពេលទេព្រោះពលរដ្ឋក្នុងរាជធានីកើនឡើងដល់ជាង៣លាននាក់។ហើយលោក សង្ឃឹមថាក្រុមហ៊ុន ទាំងបីនោះនឹងប្រមូលសំរាមដោយសុក្រិតនិងទាន់ពេល បើមិនដូច្នេះទេបញ្ហាសំរាមនៅតែប្រឈម។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថាការគ្រប់គ្រងសំណល់រឹង.សំរាមនៅតែជាការងារអាទិភាពធំមួយរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងនោះមានការអនុញ្ញាតពីក្រសួង មហាផ្ទៃនិងការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកក៏បានបង្កើតរដ្ឋករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់ រឹងបានរៀបចំរចនាសម្ព័ន្ធរូចរាល់ហើយ ប៉ុន្តែស្ថិតក្នុងដំណាក់កាលអន្តរកាល សាលាក្រុងបានជួបប្រទះបញ្ហាប្រឈមខ្លះៗ។ខណៈពលរដ្ឋបានកើនដល់ប្រមាណ៣លាននាក់កំពុងរស់នៅក្នុងស្នាក់នៅរាជធានីភ្នំពេញក្នុងខណ្ឌចំនួន១៤និងសង្កាត់១០៥។
លោក ឃួង ស្រេង បានសំដែងនូវក្តីសង្ឃឹមថាការផ្លាស់ប្តូរបៀបរបបការងារពីអ្នកគ្រប់គ្រងសេវាមកជាប្រតិបត្តិករផ្តល់សេវាដោយផ្ទាល់ដូច្នេះការប្រមូលសំណល់រឹង.សំរាមនៅរាជធានីភ្នំពេញនឹងមានស្ថានភាពប្រសើរក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក ផៃ ស៊ីផាន,ប្រធានអង្គភាពអ្នកនាំពាក្យ រដ្ឋាភិបាល បានបញ្ជាក់ថា សន្និសីទនេះមានគោលបំណងបង្ហាញឲ្យសាធារណជនយល់កាន់តែច្បាស់ពីសកម្ម ភាព សមិទ្ធិផលនិងទិសដៅបន្តរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ក្នុងគោលដៅជំរុញដល់គោលនយោបាយអភិបាលកិច្ចល្អឲ្យកាន់តែមានប្រសិទ្ធិភាព៕ដោយ៖ សំរិត