ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃ កម្លាំងនគរបាលខេត្តកណ្ដាលបើកប្រតិបត្តិការចាប់ខ្លួន១០នាក់ និងដកហូតថ្នាំញៀនជាង១គីឡូក្រាម

ចែករំលែក៖

ខេត្តកណ្ដាល៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀនស្រុកពញាឮ និងស្រុកអង្គស្នួល សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ រយៈពេល២ថ្ងៃគឺថ្ងៃទី១៣១៤ ខែមិថុនា ឆ្នាំ២០២០ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ រួមនឹងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន៣៨កញ្ចប់ ស្មើទម្ងន់១,០៤៤.៥ក្រាម(ជាង១គីឡូក្រាម)

តាមប្រភពព័ត៌មានពីមន្រ្តីជំនាញខេត្តកណ្ដាល បានឲ្យដឹងថា យោងតាមការស្រាវជ្រាវស៊ើបអង្កេតតាមជំនាញ នៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២០កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត និងក្រោមការសម្របសម្រួលពីតំណាងអយ្យការ និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ បានបើកកិច្ចប្រតិបត្តិការ ចាប់បង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ កង ប៊ុនមករា ហៅជ្រូកនិងឈ្មោះ ជួន រ៉ាដូ ហៅតុលឆែកឆេរចាប់យកបានថ្នាំញៀនចំនួន៣០កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង រួមនឹងសម្ភារពាក់ព័ន្ធមួយចំនួន។

មន្រ្តីជំនាញបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ កង ប៊ុនមករា កម្លាំងសមត្ថកិច្ច បានបន្តនីតិវីធីពន្លាតដែនដីនាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងចំណុចផ្ទះជួល ជនសង្ស័យម្នាក់ទៀត ឈ្មោះ មៀចវិចិត្រ ក្នុងភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដោយសហការល្អជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដោយបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ រួចឆែកឆេរចាប់យកថ្នាំញៀនចំនួន១៦កញ្ចប់ រួមនឹងសម្ភារពាក់ព័ន្ធមួយចំនួន។

ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ មៀច វិចិត្រ កម្លាំងសមត្ថកិច្ច បានបន្តនីតិវីធីពន្លាតដែនដីនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ដោយបាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងរោងគោ របស់មុខសញ្ញាជួញដូរគ្រឿងញៀនឈ្មោះ យ៉ាត កុយឡេត នៅចំណុចភូមិដកពរ ឃុំវល្លិសរស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយមានការសហការល្អជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ទៀត ចាប់យកថ្នាំញៀនចំនួន ០២កញ្ចប់ និងសម្ភារវត្ថុតាងមួយចំនួនទៀត រីឯមុខសញ្ញាមេក្រុមជួញដូរគ្រឿងញៀនឈ្មោះយ៉ាត កុយឡេត បានរត់គេចខ្លួន។បន្ទាប់ពីចាប់បានមួយគោលដៅហើយសមត្ថកិច្ចបានឈានទៅដល់គោលដៅទី២ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ មៀច វិចិត្រ ស្ថិតក្នុងភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីសាកសួរ នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់តាមនីតិវិធីច្បាប់៕ដោយ៖ស តារា


ចែករំលែក៖