ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានចេញពីផ្ទះទៅឆ្លុះសត្វបាត់មួយយប់ លុះព្រឹកឡើងប្រពន្ធដើររកស្រាប់តែប្រទះឃើញក្លាយសាកសពដេកស្លាប់នៅកណ្តាលវាលស្រែក្បែរដំបូក ត្រង់ចំណុចគ្រិះតាគ្រាំងខាងត្បូងចម្ងាយ ៦គ.ម ពីភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២រសៀលថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២០ ដោយសង្ស័យថាស្លាប់ដោយពស់ចឹក។
លោកសៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ខ្វឿ ខ្វឿង ហៅរ៉ស់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យ។
លោកបញ្ជាក់ថាតាមការឲ្យដឹងពីក្រុមគ្រួសារថាមុនពេលកើតហេតុ បុរសរងគ្រោះ បានចេញពីផ្ទះនៅវេលាម៉ោង៦យប់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០ ទៅឆ្លុះសត្វនៅចំណុចគ្រិះតាគ្រាំងខាងត្បូងចម្ងាយ ៦គ.ម ពីភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ។
ចាប់ពីពេលនោះបាត់១យប់មិនឃើញមកផ្ទះវិញ លុះដល់វេលាម៉ោង២ រសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០ ទើបក្រុមគ្រួសារតាមរកហើយបានប្រទះឃើញសពស្លាប់កណ្តាលវាលស្រែក្បែរដំបូក។
លោកអធិការបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មានកម្លាំងយើងបានសហការជាមួយគ្រូពេទ្យ ធ្វើការពិនិត្យសពដល់កន្លែងកើតហេតុឃើញមានស្នាមចង្កូមសត្វពស់ចឹកនៅលើស្មាខាងឆ្វេងសព ក្រៅពីនោះពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងករណីមនុស្សឃាតនោះទេ ។
ដូច្នេះសមត្ថកិច្ចក៏ដូចជាគ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារសត្វពស់ចឹក ។ក្រោយពនិត្យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖វណ្ណា